ជប៉ុនជួយអភិវឌ្ឍសមត្ថភាព កំពង់ផែក្រុងព្រះសីហនុនិងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា

0

ដោយៈ ចំណាន

ភ្នំពេញៈ ភាគីជប៉ុននឹងជួយអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាបន្ថែមទៀត។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋាន គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter) ដឹកនាំដោយលោក KAWABE RYOICHI ប្រធាននាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ-មន្រ្តី នៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងជំនាញការJICA។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការរៀបចំអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ផែន​ការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ និងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី១ (1st JCC)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងបញ្ជាក់ជូនភាគីជប៉ុន ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ចំពោះគម្រោងអភិវឌ្ឍន៍ផែនការមេនេះ ដែលនឹងចូលរួមចំណែកអភិវឌ្ឍសមត្ថភាព កំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាបន្ថែមទៀត។

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្តេជ្ញាចូលរួមចំណែកធ្វើយ៉ាងណាឱ្យការសិក្សារបស់គម្រោងខាងលើនេះ មានភាពគ្រប់ជ្រុងជ្រោយ ច្បា​ស់​លាស់ ត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស និងតម្រូវការនៃការវិវត្តន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here