ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើងលឿនជាងមុននៅក្នុងខែមករា ឆ្នាំ២០២៦ ដែលបង្កបញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលអូស្ត្រាលី (RBA) ខណៈស្ថាប័នមួយនេះពិចារណាលើការដំឡើងអត្រាការប្រាក់។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបង្ហាញថា តម្លៃផ្ទះបានកើនឡើង០,៨ភាគរយនៅខែមករា បើប្រៀបធៀបទៅនឹងអត្រា០,៦ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២៥។
ទីក្រុង Perth បាននាំមុខគេក្នុងការសម្រេចបានកំណើន២ភាគរយ តាមពីក្រោយដោយទីក្រុង Brisbane ក្នុងរង្វង់១,៦ភាគរយ និងទីក្រុង Darwin ក្នុងរង្វង់១,៥ភាគរយ។ទីក្រុង Sydney និងទីក្រុង Melbourne បានកើនឡើង០,២ភាគរយ និង០,១ភាគរយរៀងគ្នា។
-->
ក្រុមសេដ្ឋវិទូរំពឹងថា ធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី (RBA) នឹងដំឡើងអត្រាការប្រាក់ជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារអតិផរណា ដែលមួយផ្នែកជំរុញដោយកំណើននៃតម្លៃលំនៅឋាន។

លោក Tim Lawless នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Cotality បានកត់សម្គាល់ថា តម្លៃលំនៅឋាននៅតែកើនឡើង ទោះជាទីផ្សារប្រឈមបញ្ហាកង្វះលទ្ធភាពទិញផ្ទះយ៉ាងណាក្តី គួបផ្សំនឹងថ្លៃដើមនៃការរស់នៅខ្ពស់ និងការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់។
យ៉ាងណាមិញ លោក Tim Lawless ព្យាករណ៍ថា កំណើននៃតម្លៃលំនៅឋានអាចនឹងថយចុះនៅឆ្នាំ២០២៦នេះ ដោយសារបញ្ហាកង្វះលទ្ធភាពទិញផ្ទះ និងការរឹតបន្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចី ធ្វើឱ្យតម្រូវការរបស់អ្នកទិញធ្លាក់ចុះ៕ប្រភព: Bloomberg៕
