ការសិក្សាថ្មី: ចំណាប់អារម្មណ៍របស់អ្នកវិនិយោគលើការទិញអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន CBRE បានឲ្យដឹងថា ចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគក្នុងការទិញអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំ២០២៦។

ការស្ទង់មតិខាងលើបង្ហាញទៀតថា ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ទីផ្សារការិយាល័យ ជាផ្នែកមួយ ដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុត ខណៈដែលសកម្មភាពជួលការិយាល័យកំពុងងើបឡើងវិញ។

ការវិនិយោគនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកមានល្បឿនយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកម្រិតអត្រាការប្រាក់ខ្ពស់ ការផ្តល់ហិរញ្ញប្បទានកាន់តែតឹងរ៉ឹង ការប្រែប្រួលនៃទីផ្សារការិយាល័យ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

សម្រាប់ឆ្នាំ២០២៦ ចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគក្នុងការទិញអចលនទ្រព្យនៅតំបន់ខាងលើ (Net Buying Intention) បានកើនឡើងដល់១៧ភាគរយ បើធៀបនឹងអត្រា១៣ភាគរយក្នុងឆ្នាំ២០២៥កន្លងទៅ។

ក្នុងចំណោមនោះ ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។ ចំណែក ទំនុកចិត្តរបស់អ្នកវិនិយោគចំពោះទីផ្សារអចលនទ្រព្យនៅតំបន់ចិនដីគោកមិនទាន់កើនឡើងវិញនៅឡើយ។

ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នាក្នុងការទាក់ទាញលំហូរទុនវិនិយោគអចលនទ្រព្យ ដោយសារអត្រាការប្រាក់ទាប តាមពីក្រោយដោយទីក្រុងស៊ីដនី ប្រទេសសិង្ហបុរី និងទីក្រុងសេអ៊ូល។

ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់លេខ៥ ដែលជំរុញដោយចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់បណ្តាអ្នកវិនិយោគលើទីផ្សារលំនៅឋាន និងសណ្ឋាគារ ជាពិសេសពីបណ្តាវិនិយោគិនចិនដីគោក៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here