ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងក្លាយជាទីចាប់អារម្មណ៍ឡើងវិញរបស់បណ្តាអ្នកវិនិយោគក្នុងតំបន់

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងហុងកុងរបស់ប្រទេសចិន ជាគោលដៅវិនិយោគទាក់ទាញបំផុតទី៥ របស់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដែលបង្ហាញពីភាពប្រសើរឡើងនៃទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យហុងកុង។

ដោយឡែក យោងតាមរបាយការណ៍មួយពីក្រុមហ៊ុន Knight Frank បានបង្ហាញថា ទីក្រុងហុងកុងក៏បានកត់ត្រាចំនួនកិច្ចព្រមព្រៀងលំនៅឋានប្រណីតខ្ពស់ជាងគេបំផុតទី២ ក្នុងចំណោមទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១២ នៅទូទាំងពិភពលោកក្នុងត្រីមាសទី៤ ឆ្នាំមុន ដោយរក្សាបាននូវសន្ទុះនៃការងើបឡើងវិញចាប់តាំងពីត្រីមាសទី២។

ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងការស្ទង់មតិលើចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនអាស៊ីប៉ាស៊ីហ្វិកនៅឆ្នា២០២៦ របស់ក្រុមហ៊ុន CBRE។ ភាពប្រសើរឡើងនេះបានកើតឡើង ដោយសារការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន ជាពិសេសពីវិនិយោគិនចិនដីគោក។

ក្រុមហ៊ុន CBRE បានលើកឡើងថា ផ្នែកលំនៅឋាន និងសណ្ឋាគារ ជាគោលដៅចម្បង ដោយឆ្នាំ២០២៥ គេសង្កេតឃើញមានកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងការប្រែក្លាុយសណ្ឋាគារទៅជាលំនៅឋានសម្រាប់និស្សិត ហើយនិន្នាការនេះរំពឹងថា នឹងបន្តនៅឆ្នាំ២០២៦នេះ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ រួមមានអ្នកឆ្លើយតបចំនួន៤២២នាក់ មកពីប្រភពនានា ដូចជា មូលនិធិភាគហ៊ុនឯកជន អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារ មូលនិធិរដ្ឋ ការិយាល័យគ្រួសារ និងបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងទីផ្សារធំៗរួមមាន ជប៉ុន អូស្ត្រាលី ចិនដីគោក សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងឥណ្ឌា៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here