ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ព័ត៌មានដ៏ល្អនេះត្រូវបានលើកឡើង ក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយ
-->
លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុងឱកាសបំពេញទស្សនកិច្ចការងារ រយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអនុរដ្ឋមន្ត្រីទេសចរណ៍ នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦នេះ គឺមានរយៈពេល៦៦ឆ្នាំ។
លោកបញ្ជាក់ថា “ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ”។
ឆ្លៀតក្នុងឱកាសនៃជំនួប ប្រកបដោយភាតរភាពនេះ លោកអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពីចំណាប់អារម្មណ៍លើការអភិវឌ្ឍ លើគ្រប់វិស័យនៃប្រទេសកម្ពុជា ក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។
លោកក៏បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរមានភាពងាយស្រួល តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕
