ក្រសួងទេសចរណ៍កម្ពុជា និងគុយបាឯកភាពចុះMoUដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ព័ត៌មានដ៏ល្អនេះត្រូវបានលើកឡើង ក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយ

លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុង​ឱកាសបំពេញទស្សនកិច្ចការងារ រយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអនុរដ្ឋមន្ត្រីទេសចរណ៍ នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦នេះ គឺមានរយៈពេល៦៦ឆ្នាំ។

លោកបញ្ជាក់ថា “ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ”។

ឆ្លៀតក្នុងឱកាសនៃជំនួប ប្រកបដោយភាតរភាពនេះ លោកអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពីចំណាប់អារម្ម​ណ៍លើការអភិវឌ្ឍ លើគ្រប់វិស័យនៃប្រទេសកម្ពុជា ក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

លោកក៏បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រ​សួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិ​ការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរមានភាពងាយស្រួល តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕


ចែករំលែក