សម្តេចតេជោ ហ៊ុន សែន ជាប់ដៃលោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ រូបភាព៖ ហ្វេសប៊ុកសម្ដេច
ដោយ ម៉ាណេត
ភ្នំពេញៈ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ បានឈានដល់ដំណាក់កាលថ្មីមួយទៀត គឺការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបម្រើឧត្ដមប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ នេះបើតាមការបេ្ដជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងនេប៉ាល់។
នៅក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ដែលរៀបចំឡើង កាលពីរសៀលថ្ងៃអង្គារ៍ ទី ១៤ ខែឧសភាឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ព្រមទាំងបានសន្យាផ្តល់ជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានធុរកិច្ច ប្រកបដោយភាពអំណោយផលជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ម៉ាក្រសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
-->
សម្តេចតេជោបានថ្លែងថា “ខ្ញុំសូវអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគនេប៉ាល់ដែលមិនបានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាជាមួយយើងខ្ញុំ និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ”។
ទន្ទឹមគ្នានោះដែរ លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានរម្លឹកឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ពិសេសការគាំទ្រគ្នានៅវិញទៅមកលើឆាកអន្តរជាតិ និងការខិតខំជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៏ តាមរយៈការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈកាលពីឆ្នាំ ២០១៨។
លោកនាយករដ្ឋមន្រី្តនេប៉ាល់ ក៏បានកត់សម្គាល់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជានៅការដឹកនាំរបស់សម្ដេចតេជោ និងបានបង្ហាញជំនឿមុតមាំថា ប្រទេសនេប៉ាល់ ពិតជាអាចរៀនសូត្រពីភាពជោគជ័យ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដោយពឹងផ្អែកលើការប្ដេជ្ញាចិត្ត គួបផ្សំបរិបទនៃប្រវត្តិសាស្រ្តជម្លោះពីអតីតកាល និងភាពធន់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោក ខេ ភី សាម៉ា អូលី បានបញ្ជាក់ថា “ខ្ញុំប្តេជ្ញាបង្កើតភាពជាដៃគូរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មព្រមទាំងប្រយោជន៍ប្រជាជននៃប្រទេសទាំងពី”៕