រូបភាពសម្ដេចតេជោជួបជុំពិសារអាហារស្រាយបួស «ខែរ៉ម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាមកាលពីថ្មីៗនេះ។ រូបថត៖ ហ្វេសប៊ុកសម្ដេច
ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននឹងកំពុងក្លាយជា “រោងចក្រនៃអាស៊ី”។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់នៅរសៀលថ្ងៃអង្គារទី១៤ ខែឧសភា ឆ្នាំ២០១៩កន្លងមកថា “ទំនិញផលិតផលនៅប្រទេសកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក”។
-->
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា “ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥”។
ជាងនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា៧,៥% ធៀបនឹងការគ្រោងទុក៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩នេះ។ កម្ពុជាកំពុងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។
សម្តេចតេជោហ៊ុន សែនបានបន្តថា ជាក់ស្តែង គោលនយោបាយនេះបានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ១ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់។ ២ សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ ។៣ ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក។ ៤ ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល, និង ៥ ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត”។
ធនាគារពិភពលោក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះនិយាយថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំ ពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់៕