ដោយ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានព្យាករណ៍ថា ប្រទេសជប៉ុននឹងបោះទុនវិនិយោគជិត ២៥០លានដុល្លារនៅកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ខណៈការវិនិយោគរបស់ជប៉ុន បានកើនឡើងខ្លាំងក្នុងប៉ុន្មានចុងក្រោយនេះ។
រូបភាពគម្រោង ARAKAWA Residence។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រទេសជប៉ុន បានបង្កើនការផ្តល់មូលនិធិរបស់ខ្លួនដល់គម្រោងវិនិយោគកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទិន្នន័យពីរបស់ស្ថាប័ននេះបានឲ្យដឹងថា ការបង្កើនមូលនិធិវិនិយោគរបស់ជប៉ុនមានទឹកប្រាក់ពី ១១៩,៧ លានដុល្លារក្នុងឆ្នាំ២០១៦ ដល់១៧១,៨លានដុល្លារកាលពីឆ្នាំ២០១៨។
-->
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប៉ាន់ស្មានថាប្រទេសជប៉ុន នឹងវិនិយោគដល់គម្រោងវិនិយោគដែលមានតម្លៃ ២៤៩,៤ លានដុល្លារនៅឆ្នាំនេះ។
ទោះជាយ៉ាងណាបើប្រៀបធៀបការគាំទ្រពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះ។
ទុនវិនិយោគរបស់សហភាពអឺរ៉ុប បានធ្លាក់ចុះពី៧០,៣លានដុល្លារក្នុងឆ្នាំ២០១៤ មកត្រឹម២៦,៧លានដុល្លារកាលពីឆ្នាំមុន។ ចំណែកសហរដ្ឋអាមេរិកបានវិនិយោគដែលមានតម្លៃ៩១,៦លានដុល្លារនៅក្នុងឆ្នាំ២០១៤ និងមានត្រឹមតែ៣៥,៧លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ទំនិញកម្ពុជាដែលមានតម្លៃជាង១,៦ ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុន ហើយទំនិញដែលមានតម្លៃ៤២១លានដុល្លារត្រូវបាននាំចូលពីប្រទេសជប៉ុន។
ការនាំចេញរបស់កម្ពុជាទៅជប៉ុនភាគច្រើន ជាប្រភេទសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលការនាំចូលពីប្រទេសជប៉ុនរួមមានគ្រឿងម៉ាស៊ីន ឡាន សាច់គោ ដែក គ្រឿងអេឡិចត្រូនិក និងឱសថជាដើម៕