ខេត្តព្រះសីហនុកំពុងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋដើម្បីលើកកំពស់វិស័យទេសចរណ៍

0

ដោយៈ ម៉ាលីនណា

    ព្រះសីហនុៈ អាជ្ញាធរ​​ខេត្ត​​ព្រះសីហនុ ​កំពុង​ការ​អភិវឌ្ឍនិង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ​ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​កម្ម ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើឱ្យ​ខេត្ត​មួយនេះក្លាយ​ជា​គោលដៅ​ទេសចរ​ណ៍​​ឈាន​មុខ ប្រកប​​ដោយ​ភាព​សម្បូរ​បែប​ពោរពេញ​ ដោយ​កាលានុវត្ត​ភាព និង​ភាព​កក់ក្តៅ។

ការ​​អនុវត្ត​នូវ​គោលការណ៍​ទាំង​នេះ គឺ​ដើម្បី​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច និង​ទេសចរណ៍ ស្រប​តាម​ផែន​ការ​មេអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឱ្យ​ក្លាយ​ទៅ​ជា​ តំបន់​សេដ្ឋកិច្ច​​ពិសេសគំរូ​ពហុ​បំណង និង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ​ទៅ​ជា​របៀង​សេដ្ឋកិច្ច​ពហុ​បំណង និង​ប្រទាក់ក្រឡា​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​​​អភិបាល​​ខេត្ត​ព្រះសីហនុ។

លោក ម៉ាង ស៊ីណេត បាន​​ឱ្យ​​ដឹង​នៅថ្ងៃទី១៣ កុម្ភៈ ​​​ក្នុង​ពិធី​បិទ​​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​ ជើងឯក​ពិភព​លោក ថា រដ្ឋ​បាល​ខេត្ត​​ព្រះសីហនុ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​អភិវឌ្ឍ ផ្លូវ​ថ្នល់ ការ​រៀបចំ​កែ​លម្អ​ឆ្នេរ​សមុទ្រ​ ទឹក​ស្អាត អគ្គិសនី ការ​គ្រប់​គ្រង​សំណល់​រឹង-រាវ បន្ទប់ទឹក​សាធារណៈ ការ​រៀបចំ​សួន​ច្បារ ដាំ​ដើម​ឈើ និង​កំពង់​ផែ​ទេសចរណ៍​ស្តង់​ដារ។

លោកបញ្ជាក់ថា “​​យើង​ខិតខំ​ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​នូវ​សេវាកម្ម​ក្នុង​វិស័យទេសចរណ៍ ដូច​ជា​​ការធ្វើ​ដំណើរ ការ​ស្នាក់នៅ ម្ហូប​អាហារ និង​ភេសជ្ជៈ សេវា​កម្សាន្ត​ផ្សេងៗ រួម​ទាំង​សកម្មភាព​វប្បធម៌ ការរក្សា​ស្នាម​ញញឹម រួស​រាយ​រាក់ទាក់ ដែល​ជា​ប្រពៃណី​របស់​ប្រជា​ជន​យើង”។

ចំពោះ​ផែនការ​​ទាំង​អស់​​នេះ ​លោក ម៉ាង ស៊ីណេត អះអាង​ថា ត្រូវ​បាន​អនុវត្ត​​ទៅ​តាម​​ផែន​ការ​​យុទ្ធ​សាស្រ្ត​ ​របស់​​រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោម​ការ​ដឹកនាំ​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​​​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ពន្លឿន​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៣៨ អភិវឌ្ឍ​ខេត្តព្រះសីហនុ​ឱ្យ​ក្លាយ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ជា​ទីក្រុង​បៃតង​អាស៊ាន​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ​ទំនើប ប្រកប​ដោយ​ចីរភាព ជវភាព សុខភាព និង​សុភមង្គល នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។

លោកបន្ត​ថា ការណ៍នេះ គឺ​​តាម​រយៈ​ការ​ជំរុញ​សមាហរណកម្ម​ការ​អភិវឌ្ឍ​ទី​ក្រុង​ឆ្លាត ការ​អភិវឌ្ឍ​បៃ​តង រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ ដែល​ស្អាត​បំផុត​លើ​សកល​លោក មជ្ឈ​មណ្ឌល​កំណើន​ជាតិ មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ច្រក​ចេញ​ចូល​អន្តរ​ជាតិ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ​ដោយ​មានទំនាក់​ទំនង ជាមួយ​ទីផ្សារ​អាស៊ាន និង​សកល​លោក និង​មជ្ឈ​មណ្ឌល​ឧស្សាហ​កម្ម វិទ្យា​សាស្ត្រ បច្ចេក​​វិទ្យា​ទំនើប និង​នវា​នុវត្តន៍ ដែល​មាន​សុខដុមនីយ​កម្ម​ជាមួយ​នឹង​បរិស្ថាន​រស់​នៅ​ល្អ​ប្រសើរ និងរក្សា​បាន​នូវ​អត្ត​សញ្ញាណ​វប្បធម៌ និង​ប្រវត្តិ​សាស្រ្ត​ជាតិ។។

ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​ខាងលើ លោក ម៉ាង ស៊ីណេត បាន​​​បញ្ជាក់​ថា រាជ​រដ្ឋាភិ​បាល​​កម្ពុជា បាន​ប្រកាស​ដាក់​ចេញ​នូវ “កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤” និង​បាន​សម្រេច​បន្ត​ផ្តល់​​អត្ថប្រយោជន៍​ពិសេស​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៧ ដើម្បី​ជំរុញ និងគាំទ្រ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ។

លោកសង្កត់​ធ្ងន់​ថា ជាលទ្ធផល​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ ទទួល​បាន​សំណើ​ សុំលើក​ទឹក​ចិត្ត​ចំនួន៤៣៨គម្រោង ក្នុង​នោះ​គម្រោង​ដែល​ទទួល​បាន​​លិខិត​អនុញ្ញាត ​ជា​គោលការណ៍​​មាន​ចំនួន ៤៣៦គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៨ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ឱកាស​ការងារ​ប្រមាណ៥៥,១២៤កន្លែង។

លោក​បន្ត​ថា ខេត្តព្រះសីហនុ ​មានអត្រាកំណើនសេដ្ឋកិច្ច ៥,៤ភាគរយ មានចំណូលប្រចាំឆ្នាំសរុបប្រមាណ១៣២០ លានដុល្លារអាមេរិក និងចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់(GDP per capita) ក្នុង​១ឆ្នាំ មានចំនួន៤,២៥៦ដុល្លារអាមេរិក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាស​ស្វាគមន៍ ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្ត ធានានូវសុវត្ថិភាពទេសចរណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និង​បដិសណ្ឋារ​កិច្ច នៅ​តាម​បណ្តា​ក្រុង-ស្រុក ក៏​ដូច​ជាគោល​ដៅ​ក​ម្សាន្ត​នានា ទាំង​លើ​ដី​គោក និង​នៅ​លើ​ទឹក ដោយ​មាន​យន្ត​ការ​បង្ការ និង​ឆ្លើយ​តប​ទាន់ពេល​វេលា ជូន​ភ្ញៀវ​ទេសចរ ប្រកប​ដោយ​ភាព​កក់​ក្តៅ សុវត្ថិ​ភាព និង​ទំនុក​ចិត្ត។

យ៉ាងណាក៏ដោយ លោក ម៉ាង ស៊ីណេត បាន​អំពាវនាវ និងស្នើ​ដល់​អាជ្ញាធរ​ដែន​ដី​ គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព ពាក់​ព័ន្ធ​នានា សមាគម វិស័យឯកជន ម្ចាស់​អាជីវ​កម្ម​បម្រើ​ឱ្យ​វិស័យទេសចរណ៍ និង​សេវា​ផ្សេងៗ ក្មួយៗ​យុវជន និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ឱ្យ​​ចូល​រួម​គាំទ្រ សហការ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ ស្អិត​ល្មួត​ ស៊ី​ជម្រៅ និង​ប្រទាក់​ក្រឡា​គ្រប់​ភាគី​ពាក់​ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here