ដោយៈ ម៉ាលីនណា
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ កំពុងការអភិវឌ្ឍនិងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញការធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើឱ្យខេត្តមួយនេះក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែបពោរពេញ ដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
ការអនុវត្តនូវគោលការណ៍ទាំងនេះ គឺដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡារបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
-->
លោក ម៉ាង ស៊ីណេត បានឱ្យដឹងនៅថ្ងៃទី១៣ កុម្ភៈ ក្នុងពិធីបិទការប្រកួតប្រដាល់គុនខ្មែរ ជើងឯកពិភពលោក ថា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ ដាំដើមឈើ និងកំពង់ផែទេសចរណ៍ស្តង់ដារ។
លោកបញ្ជាក់ថា “យើងខិតខំជំរុញការធ្វើឱ្យប្រសើរឡើង នូវសេវាកម្មក្នុងវិស័យទេសចរណ៍ ដូចជាការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ការរក្សាស្នាមញញឹម រួសរាយរាក់ទាក់ ដែលជាប្រពៃណីរបស់ប្រជាជនយើង”។

ចំពោះផែនការទាំងអស់នេះ លោក ម៉ាង ស៊ីណេត អះអាងថា ត្រូវបានអនុវត្តទៅតាមផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានបន្តយកចិត្តទុកដាក់ ក្នុងការពន្លឿនចក្ខុវិស័យដល់ឆ្នាំ ២០៣៨ អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើប ប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកបន្តថា ការណ៍នេះ គឺតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្រ្តជាតិ។។
ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើ លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” និងបានសម្រេចបន្តផ្តល់អត្ថប្រយោជន៍ពិសេសនេះ រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកសង្កត់ធ្ងន់ថា ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើ សុំលើកទឹកចិត្តចំនួន៤៣៨គម្រោង ក្នុងនោះគម្រោងដែលទទួលបានលិខិតអនុញ្ញាត ជាគោលការណ៍មានចំនួន ៤៣៦គម្រោង មានទុនវិនិយោគសរុបប្រមាណ៨ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ៥៥,១២៤កន្លែង។
លោកបន្តថា ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច ៥,៤ភាគរយ មានចំណូលប្រចាំឆ្នាំសរុបប្រមាណ១៣២០ លានដុល្លារអាមេរិក និងចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់(GDP per capita) ក្នុង១ឆ្នាំ មានចំនួន៤,២៥៦ដុល្លារអាមេរិក។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្ត ធានានូវសុវត្ថិភាពទេសចរណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងបដិសណ្ឋារកិច្ច នៅតាមបណ្តាក្រុង-ស្រុក ក៏ដូចជាគោលដៅកម្សាន្តនានា ទាំងលើដីគោក និងនៅលើទឹក ដោយមានយន្តការបង្ការ និងឆ្លើយតបទាន់ពេលវេលា ជូនភ្ញៀវទេសចរ ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងទំនុកចិត្ត។
យ៉ាងណាក៏ដោយ លោក ម៉ាង ស៊ីណេត បានអំពាវនាវ និងស្នើដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ពាក់ព័ន្ធនានា សមាគម វិស័យឯកជន ម្ចាស់អាជីវកម្មបម្រើឱ្យវិស័យទេសចរណ៍ និងសេវាផ្សេងៗ ក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគាំទ្រ សហការ និងផ្តល់កិច្ចសហប្រតិបត្តិការល្អ ស្អិតល្មួត ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្រប់ភាគីពាក់ព័ន្ធ៕
