រដ្ឋាភិបាលជម្រុញការចុះ “មហាសង្រ្កានឆ្នាំថ្មី”និងអាពាហ៍ពិពាហ៍ខ្មែរទៅក្នុងបេតិកភ័ណ្ឌអរូបិយរបស់អង្គការយូណេស្កូ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ  រដ្ឋាភិបាលកម្ពុជា​កំពុង​ជំរុញ​ការងារ​បន្ថែម ដើម្បី​ដាក់បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្មីៗ​របស់ខ្លួន​ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ “​មហាសង្ក្រាន្ដ​ឆ្នាំ​ថ្មី​” ត្រូវបាន​រំពឹងថា អាច​ទទួលបាន​ការចុះ​បញ្ជី​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ​។​

លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ឯកសារ​បច្ចេកទេស​ស​ម្រា​ប់​ពិធី​អាពាហ៍ពិពាហ៍ ​ប្រពៃ​ណី​ខ្មែរ និង​ពិធីបុណ្យ​មហាសង្ក្រាន្ដ​ឆ្នាំ​ថ្មី ត្រូវបាន​រៀបចំ និង​បញ្ជូន​ស្របតាម​នីតិវិធី​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល ​នៃ​អង្គការ​យូណេស្កូ ដើម្បី​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​។​

លោកបញ្ជាក់ថា “យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​រង់ចាំ​ ការវាយតម្លៃ ហើយ​មហាសង្ក្រាន្ដ​ឆ្នាំ​ថ្មី ទំនងជា​អាច​ចុះបញ្ជី​ផ្លូវការ​នៅ​ចុងឆ្នាំ នា​​ខែធ្នូ ខណៈ​ពិធី​អាពាហ៍ពិពាហ៍​ប្រពៃណី​ខ្មែរ អាច​នឹងត្រូវ​ពិនិត្យ​នៅ​ឆ្នាំ​បន្ទាប់​”​។​

លោក​បន្ថែមថា កម្ពុជា​ក៏​កំពុង​សិក្សា និង​រៀបចំ​ឯកសារ​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ផ្សេងៗ​ទៀត ដូចជា​ប្រពៃណី​ទាក់ទង​នឹង​នំ​បញ្ចុក និង​ពិធី​បុណ្យអុំទូក ជាដើម ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទូលំទូលាយ​ក្នុងការ​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​អរូបី​ជាតិ​។

យោងតាម​អនុសញ្ញា ឆ្នាំ​២០០៣ស្តីពី ​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ជាទូទៅ​ការចុះបញ្ជី​មួយ ត្រូវការ​ពេល​យ៉ាងហោចណាស់​ពីរ​ឆ្នាំ ចាប់ពី​ដាក់​ស្នើ​រហូតដល់​ការសម្រេច ដោយ​អាស្រ័យ​លើ​ដំណើរការ​វាយតម្លៃ និង​ចំនួន​សំណុំ​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​។

លោកស៊ំ ម៉ាប់ បាន​ឱ្យដឹងទៀតថា ​ក្នុង​មួយឆ្នាំ គណៈកម្មការ​អន្តររដ្ឋាភិបាល​របស់​យូណេស្កូ អាច​ពិនិត្យ​ចន្លោះ​ពី៤០ ទៅ ៦០​សំណុំ​ឯកសារ​ពី​បណ្តា​ប្រទេស​សមាជិក​។​

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ថ្លែង​ក្នុង​ពិធី “​បុណ្យ​ឆ្លង​ព្រះ​បទុម​ចេតិយ វត្ត​មណី​រតនា​រាម” កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ ថា “សង្ក្រាន្ដ​នៅ​កម្ពុជា​” នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដើម្បី​បំបាត់​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​។​

សម្តេចបញ្ជាក់ថា “​ឥឡូវ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​បារម្ភ​ទៀត ថា​ថ្ងៃក្រោយ​តើ​យើង​អាច​ប្រើពាក្យ សង្ក្រាន្ដ ឬ​ធ្វើ​ពិធី​សង្ក្រាន្ដ​កម្ពុជា​បាន​ឬទេ? ខ្ញុំ​បានឱ្យ​ក្រសួង​វប្បធម៌ ត្រៀម​ឯកសារ ដើម្បី​ចុះបញ្ជី​សង្ក្រាន្ដ​នៅ​កម្ពុជា ឱ្យ​រួចរាល់​នៅ​ឆ្នាំ​ក្រោយនេះ​”។

សម្តេចបាន​បន្ថែមថា ការដាក់​សង្ក្រាន្ដ​កម្ពុជា​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី គឺ​ដើម្បី​បញ្ចប់​ការភាន់ច្រឡំ​ផ្សេងៗ ពិសេស​នៅពេល​ប្រពៃណី​ចូលឆ្នាំ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ក្នុង​តំបន់​។​

នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ គឺ​សម​ហេតុផល​ ក្នុង​ស្មារតី​ការពារ​វប្បធម៌​ជាតិ ហើយ​កម្ពុជា​មិនបាន​ធ្វេសប្រហែស​ក្នុងការ​ការពារ​អ្វី ​ដែលជា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​នោះទេ​ ​ជាពិសេស​សង្ក្រាន្ដ​នេះ គឺ​មិនមាន​អ្វី​បាត់បង់​នោះទេ​។

ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​គេ​ស្គាល់​ថា ជា​ពិធី​មហាសង្ក្រាន្ដ ឬ​ចូលឆ្នាំថ្មី ត្រូវបាន​ប្រារព្ធ​នៅ​កណ្ដាល​ខែមេសា ដោយមាន​ពិធី​សាសនា ល្បែង​ប្រពៃណី តន្ត្រី និង​ការជួបជុំ​គ្រួសារ​ទូទាំងប្រទេស​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ដ​ទ្រង់​ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​រាប់សែន​នាក់ចូលរួម បង្ហាញ​ពី​មោទនភាព​វប្បធម៌​ ដែល​កំពុង​កើនឡើង​ក្នុងចំណោម​យុវជន​។​

កម្ពុជា​បាន​ពង្រីក​វត្តមាន​របស់ខ្លួន ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​របស់​យូណេស្កូ​ជា​បន្តបន្ទាប់ ចាប់តាំងពី​អនុម័ត​អនុសញ្ញា ឆ្នាំ​២០០៣ នៅ​ឆ្នាំ​២០០៦​។

រហូតមកទល់​ពេលនេះ មាន​បេតិកភណ្ឌ​ចំនួន៧ ត្រូវបាន​ចុះបញ្ជី រួមមាន របាំ​ព្រះរាជ​ទ្រព្យ ស្បែក​ធំ ចាប៉ីដងវែង ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ពិធី​ទាញព្រ័ត្រ គុន​ល្បុកតោ និង​ប្រពៃណី​ពាក់ព័ន្ធ​នឹង​ក្រមា​។​

ការជំរុញ​ចុះបញ្ជី​សង្ក្រាន្ដ និង​អាពាហ៍ពិពាហ៍​ប្រពៃណី​ខ្មែរ បង្ហា​ញ​ពី​ការប្តេជ្ញា​របស់​រដ្ឋាភិបាល ក្នុងការ​ទទួលស្គាល់​អ​ន្ត​រ​ជាតិ​លើ​បេតិក​ភណ្ឌ​ និង​ពង្រឹង​អត្តសញ្ញាណ​ជាតិ​នៅក្នុង​ប្រទេស​។

ប្រសិនបើ​ទទួលបាន​ការអនុម័ត​នៅ​ចុងឆ្នាំ​នេះ មហាសង្ក្រាន្ដ​ឆ្នាំ​ថ្មី នឹង​ក្លាយជា​ជំហាន​សំខាន់​មួយទៀត ​ក្នុង​កិច្ច​ការទូត​វប្បធម៌​របស់​កម្ពុជា និង​ឆ្លើយតប ​ការអំពាវនាវ​របស់​សាធារណជន​ ក្នុងការ​ការពារ​បេះដូង​វប្បធម៌​ខ្មែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here