ទិដ្ឋភាពបឹងយក្សឡោមពីលើអាកាស។ រូបថត៖ សហការី
ដោយ វុត្ថា
ខេត្តរតនគិរីៈ ខេត្តរតនគិរីបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ មកកម្សាន្តកើនឡើងច្រើន ក្នុងឱកាសឈប់សម្រាករយៈពេលពីថ្ងៃទី១១-១៥ នៃពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រដោយខេត្តនេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន១៦,៥២៣នាក់។
ភ្ញៀវទេសចរណ៍មកកម្សាន្តនៅបឹងយក្សឡោម។ រូបថត៖ សហការី
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោកង៉ែត ពិទូបានឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ថាក្នុងឱកាសឈប់សម្រាក រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១១ដល់១៥ ខែឧសភាឆ្នាំ២០១៩ នៃពិធីបុណ្យចម្រើនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចំនួន ១៦,៥២៣នាក់។
-->
លោកបន្តថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ខេត្ត ទទួលបានភ្ញៀវទេសចរណ៍សរុប១៦,៥២៣នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៥,៩១៦ នាក់ ភ្ញៀវអន្តរជាតិ៦០៧នាក់។
លោកបន្ថែមថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានការកើនឡើង៣.០២% ខណៈដែលឆ្នាំ២០១៨ មានចំនួន១៦,០៣៨នាក់តែប៉ុណ្ណោះ ក្នុងនោះភ្ញៀវជាតិមានការកើនឡើង២.៩២% និងភ្ញៀវអន្តរជាតិមានការកើនឡើង៥.៧៤%។
រថយន្តរបស់ភ្ញៀវទេសចរណ៍មកកម្សាន្តនៅបឹងយក្សឡោម។ រូបថត៖ សហការី
លោកង៉ែត ពិទូបានបន្តថា មានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេមាន ដូចជា រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់អូរសិនលែ ទឹកជ្រោះកាចាញ និងទឹកធ្លាក់ចាអ៊ុង៕