ដោយៈ ម៉ាណា
ប្រទេសជប៉ុនៈ ក្រុមហ៊ុនកម្ពុជាចំនួន២ សហការជាមួយក្រុមហ៊ុនជប៉ុនបាននាំផលិតផលខ្មែរ ដាក់តាំងបង្ហាញនៅក្នុងពិព៌ណពាណិជ្ជកម្មធំមួយនៅប្រទេសជប៉ុន ដែលមានការចូលរួមពីក្រុមហ៊ុនរហូតដល់២៣០០ បាននាំផលិតផលពួកគេទៅតាំងបង្ហាញ។
ព័ត៌មាននេះត្រូវបានបង្ហាញ នៅពេលលោកលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងចូលរួមគាំទ្រការចូលរួមរបស់ក្រុមហ៊ុនYamato Printing Group, ក្រុមហ៊ុន Cambodia Life និងក្រុមហ៊ុនConfirel Co., Ltd. ក្នុងពិព័រណ៍ពាណិជ្ជកម្ម “The 60th Supermarket Trade Show 2026 (SMTS2026)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ -២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍Makuhari Messe ខេត្តឈិបាក់ ប្រទេសជប៉ុន។
ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម ធំបំផុតមួយរបស់ប្រទេសជប៉ុន សម្រាប់ឧស្សាហកម្មចែកចាយលក់ដុំ និងលក់រាយដោយផ្តោតលើម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍហាង និងការផ្សព្វផ្សាយការលក់ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន១៥ រួមទាំងកម្ពុជា ជាមួយនឹងស្តង់ប្រមាណជាង៣០០០ និងអ្នកតាំងពិព័រណ៍សរុបជិត២៣០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្លួន ដើម្បីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ជំរុញទីផ្សារផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសជប៉ុន។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រុមហ៊ុន Yamato Printing Group និងក្រុមហ៊ុនCambodia Life សហការជាមួយដៃគូក្រុមហ៊ុន Confirel បានរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ ដោយផ្តោតជាពិសេសលើផលិតផល ដែលមានគុណភាពខ្ពស់ រួមមាន៖ ម្រេច ស្ករត្នោត និងកាហ្វេ។
ក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម បានសម្របសម្រួលឱ្យមានជំនួបផ្គូផ្គង ពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងបី ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូហ្គិ ដើម្បីពីភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក្នុងទិសដៅរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរបន្ថែមទៀត នៅក្នុងប្រទេសជប៉ុន។
រហូតមកដល់ពេលនេះ ផលិតផលទាំងពីរនេះ មានដាក់លក់នៅទីផ្សារAEON ប្រមាណ១២០ហាង ក្នុងប្រទេសជប៉ុន ក្នុងនោះមាន ៤០ទីតាំង នៅក្នុងទីក្រុងតូក្យូផងដែរ៕








