ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារ ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំ ដោយសហប្រធានតំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន គឺលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំសិក្សាផ្នែកឯកជន សមាគម និងសមាជិក សមាជិកនៃក្រុមការងារ “ដ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលស្នើឡើងដោយផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖
១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង។
២ បញ្ហាទាក់ទងនឹងការប្រឡង និងជ្រើសរើសនិសិត្សចូល និងបញ្ចប់ការសិក្សា។
៣ រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ។
៤. ការដោះស្រាយបញ្ហាប្រឈម របស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន
៥. បញ្ហានៃការចេញទម្រង់អាជ្ញាប័ណ្ណចំពោះថ្នាក់មតេយ្យ និងបឋម
និងទី ៦. ការប្រើប្រាស់ហត្ថពលកម្មបរទេស។
តាមរយៈយន្តការក្រុមការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) យន្តការនេះនៅតែជាយន្តការស្នូល ក្នុងការជំរុញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមជូនធុរជន និងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យន្តការនេះបានជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរៀបចំដំណើររួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ឱ្យមានភាពស៊ីចង្វាក់ និងមានភាពសុខដុមជាមួយគ្នា៕







