ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការវិនិយោគនៅឆ្នាំ២០២៦នេះ គឺជាឱកាសល្អដែលមិនធ្លាប់មានសម្រាប់វិនិយោគិននានាដែលចង់មកវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការវិនិយោគិន។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រី ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើ ធុរកិច្ចជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ ភាគរយនៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយបានផ្តល់ជូននូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ ដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង៕






