ទីក្រុងសិង្ហបុរីជាប់ឈ្មោះជាទីក្រុងដែលគេត្រូវចំណាយខ្ពស់បំផុតលើការរៀបចំតុបតែងការិយាល័យ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank បានឱ្យដឹងថា ទីក្រុងសិង្ហបុរីជាទីក្រុងដែលគេត្រូវចំណាយខ្ពស់បំផុតលើការរៀបចំការិយាល័យបើធៀបនឹងទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារថ្លៃពលកម្មខ្ពស់ កង្វះអ្នកម៉ៅការ និងច្បាប់សំណង់តឹងរ៉ឹង។

នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនKnight Frank លើទីក្រុងចំនួន២៣ ទូទាំងតំបន់ ការរៀបចំការិយាល័យនៅទីក្រុងសិង្ហបុរីមានតម្លៃជាមធ្យមខ្ពស់បំផុតចំនួន២.០២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (Fit-out cost)។

តួលេខខាងលើមានកម្រិតខ្ពស់ជាងការរៀបចំការិយាល័យនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលមានតម្លៃជាមធ្យមចំនួន១.៩៩៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនិងទីក្រុងតៃប៉ិ ដែលមានតម្លៃជាមធ្យមចំនួន១.៥៩៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

Fit-out cost រួមមាន ការតុបតែង ការបំពាក់គ្រឿងបរិក្ខារ (ដូចជា គ្រឿងសង្ហារិម ភ្លើងបំភ្លឺ ម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ការដំឡើង IT) និងសំណង់ខាងក្នុង (ដូចជា ជញ្ជាំង ពិដាន កម្រាលឥដ្ឋ ទុយោទឹក និងប្រព័ន្ធអគ្គិសនី)។

យោងតាមការស្ទង់មតិខាងលើ​បាន​ឱ្យដឹងទៀតថា ការ​រៀបចំ​ការិយាល័យ​លំដាប់​ខ្ពស់​(premium) នៅ​ប្រទេស​សិង្ហបុរី​មាន​តម្លៃជាមធ្យមចំនួន៣.១១៧ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​ជា​តម្លៃ​ខ្ពស់​ជាង​គេ​បើ​ធៀប​នឹង​ទីក្រុងផ្សេងទៀតនៅតំបន់​អាស៊ី និង​បង្ហាញ​ពី​ឋានៈ​របស់​សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់។

ការ​រៀបចំ​ការិយាល័យនៅទីក្រុងហុងកុងមានតម្លៃជាមធ្យមចំនួន១.២៩២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីក្រុងធំៗរបស់ចិនដីគោក ដូចជាទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសុិនជិន មានតម្លៃជាមធ្យមចំនួន៩២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here