ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីក្រុងសិង្ហបុរីជាទីក្រុងដែលគេត្រូវចំណាយខ្ពស់បំផុតលើការរៀបចំការិយាល័យបើធៀបនឹងទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារថ្លៃពលកម្មខ្ពស់ កង្វះអ្នកម៉ៅការ និងច្បាប់សំណង់តឹងរ៉ឹង។
នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនKnight Frank លើទីក្រុងចំនួន២៣ ទូទាំងតំបន់ ការរៀបចំការិយាល័យនៅទីក្រុងសិង្ហបុរីមានតម្លៃជាមធ្យមខ្ពស់បំផុតចំនួន២.០២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ (Fit-out cost)។
តួលេខខាងលើមានកម្រិតខ្ពស់ជាងការរៀបចំការិយាល័យនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលមានតម្លៃជាមធ្យមចំនួន១.៩៩៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនិងទីក្រុងតៃប៉ិ ដែលមានតម្លៃជាមធ្យមចំនួន១.៥៩៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
Fit-out cost រួមមាន ការតុបតែង ការបំពាក់គ្រឿងបរិក្ខារ (ដូចជា គ្រឿងសង្ហារិម ភ្លើងបំភ្លឺ ម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ការដំឡើង IT) និងសំណង់ខាងក្នុង (ដូចជា ជញ្ជាំង ពិដាន កម្រាលឥដ្ឋ ទុយោទឹក និងប្រព័ន្ធអគ្គិសនី)។
យោងតាមការស្ទង់មតិខាងលើបានឱ្យដឹងទៀតថា ការរៀបចំការិយាល័យលំដាប់ខ្ពស់(premium) នៅប្រទេសសិង្ហបុរីមានតម្លៃជាមធ្យមចំនួន៣.១១៧ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់ជាងគេបើធៀបនឹងទីក្រុងផ្សេងទៀតនៅតំបន់អាស៊ី និងបង្ហាញពីឋានៈរបស់សិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងតំបន់។
ការរៀបចំការិយាល័យនៅទីក្រុងហុងកុងមានតម្លៃជាមធ្យមចំនួន១.២៩២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីក្រុងធំៗរបស់ចិនដីគោក ដូចជាទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសុិនជិន មានតម្លៃជាមធ្យមចំនួន៩២៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕ប្រភព: SCMP៕







