រដ្ឋាភិបាលដាក់ចេញក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជាក្នុងគោលដៅជំរុញការអភិវឌ្ឍសួនកសិឧស្សាហកម្ម

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ក្នុងគោលបំណងជំរុញការអភិវឌ្ឍសួនកសិឧស្សាហកម្ម។

ក្របខ័ណ្ឌនេះធ្វើឡើង តាមរយៈវិធានការគាំទ្រសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគ លើសួនកសិឧស្សាហកម្ម និងបង្កើតខ្សែច្រវាក់តម្លៃ ដោយរំពឹងលើកម្មវិបាកជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងរយៈពេលមធ្យម និងវែង។

ក្របខ័ណ្ឌអភិវឌ្ឍន៍ សួនកសិឧស្សាហកម្មនៅកម្ពុជានេះ មានគោលដៅផ្តល់នូវក្របខ័ណ្ឌរួមមួយ សំដៅបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងកិច្ចដំណើរការសួនកសិឧស្សាហកម្ម តាមរយៈការកំណត់វិធានការគាំទ្រ និងលក្ខខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍសួន រួមទាំងការកំណត់យន្តការស្ថាប័ន និងការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្ដែង។

ជារួម ក្របខ័ណ្ឌអភិវឌ្ឍន៍ សួនកសិឧស្សាហកម្ម នឹងផ្តោតលើការផ្តល់ការលើកទឹកចិត្តពិសេស បន្ថែមលើសពីការផ្ដល់ ដែលបានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងការសម្របសម្រួលចាំបាច់ផ្សេងៗទៀត ក្នុងគោលដៅបម្រើគោលបំណងគោលនយោបាយជាអាទិភាព។

ការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ រួមមាន ១). ផ្តល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការនាំចេញ ឆ្លើយតបទៅនឹងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ផែនការមេតាមវិស័យនិងគោលនយោបាយ/ យុទ្ធសាស្ត្រពាក់ព័ន្ធជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

២). បង្កើនតម្លៃបន្ថែមតាមរយៈការជំរុញ ខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃកសិផល ដែលមានសក្តានុពលទីផ្សាររ និងសេដ្ឋកិច្ច។ ៣). ត្រូវមានលទ្ធភាពអនុវត្ត និងធនធានគ្រប់គ្រាន់សម្រាប់អភិវឌ្ឍគម្រោងសួនកសិឧស្សាហកម្ម ដែលអាចសម្រេចបានតាមគោលដៅ ដូចមានកំណត់ក្នុងផែនការអាជីវកម្ម និងផែនការរអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ដោយបង្ហាញអំពីលទ្ធភាពបច្ចេកទេសអាចអនុវត្តបាន ព្រមទាំងបង្ហាញផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រាន់ ផ្អែកលើការសិក្សាគម្រោងច្បាស់លាស់។

៤). គិតគូរតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំទ្រស្របតាមភាពអាចទ្រទ្រង់បាននៃថវិកា និង៥). បង្កើតបច្ច័យវិជ្ជមាន និងជ្រោមជ្រែងគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុន តូចនិងមធ្យម(SMEs) នៅកម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីកែសម្រួល ក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា៕

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីកែសម្រួល ក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ដែលត្រូវបានដាក់ស្នើសុំការអនុម័យពីប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែដោយសារមានភាពចាំតម្រូវ ឱ្យមានការកែសម្រួលបន្ថែម ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here