កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិនបានបើក ដំណើរការផ្លូវការ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូ វិសុទ្ធី បានអញ្ជើញអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលបច្ចេកវិទ្យាATC ក្រោមកិច្ចសហការជាមួយ Sasakawa Peace Foundation (SPF) និងអង្គការស្វីសខន់ថាក់កម្ពុជា (Swisscontact Cambodia) តាមរយៈគម្រោងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) ដែលទទួលបានការគាំទ្រថវិកាពីសហគ្រិនខ្មែរ (Khmer Enterprise) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

“កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន” ត្រូវបានបង្កើ​តឡើង ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់អ្នកតម្រង់ទិស តាមរយៈការបង្កើនសមត្ថភាពរបស់ពួកគាត់ ក្នុងការផ្តល់ការគាំទ្រ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្តែងរបស់សហគ្រិន ក្នុងដំណាក់កាលចាប់ផ្តើមអាជីវកម្មដំបូង។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងសមត្ថភាព និងសង្គ​តិភាព (ភាពស៊ីចង្វាក់គ្នា)របស់អ្នកតម្រង់ទិស តាមរយៈការរួមបញ្ចូលគ្នា រវាងការបណ្តុះបណ្តាលចំគោលដៅ ការអនុវត្តការតម្រង់ទិសជាក់ស្តែង និងការបង្កើតបណ្តាញទំនាក់ទំនង។

លោកសូ វិសុទ្ធី បានបញ្ជាក់ថា ការផ្តល់ការតម្រង់ទិស (Mentorship) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រិនភាព ការរីកលូតលាស់នៃអាជីវកម្ម និងជួយពង្រឹងនវានុវត្តន៍នៃប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែរឹងមាំ។

លោកបន្តថា “អ្នកតម្រង់ទិស ដែលមានប្រសិទ្ធភាព មិនត្រឹមតែផ្តល់ការណែនាំ ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ និងផ្តល់នូវបទពិសោធជាក់ស្តែង ដើម្បីជួយសហគ្រិន និងធុរកិច្ចថ្មីឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅដំណាក់កាលដំបូង”។

លោករដ្ឋលេខាធិការបានបន្ថែមថា កម្មវិធីនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនគុណភាពនៃការគាំទ្រ តាមរយៈការតម្រង់ទិស នៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here