ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ៣៥លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ហើយមានផែនការពង្រីក ការនាំចេញឱ្យឈានដល់ប្រមាណ៤០០លានដុល្លារអាមេរិក នៅពេលអនាគត។
ព័ត៌មាននេះត្រូវបានលើកឡើង នៅក្នុងឱកាសលោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារ ពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពល ក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។
លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុល លើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកសំហេង បូរ៉ា ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទM23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រ ក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើង ដល់សក្តានុពលទឹកប្រាក់ប្រមាណ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។
សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។
ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើន នៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាព នៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕







