ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនអាចនឹងបន្តរីកចម្រើនជាបន្តបន្ទាប់នៅឆ្នាំ ២០២៦ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជិតបញ្ចប់ការសាងសង់ ដោយជំរុញការតភ្ជាប់ និងការបើកទីតាំងថ្មីសម្រាប់ការអភិវឌ្ឍ។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Philippines បានឱ្យដឹងថា ការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្នែកដឹកជញ្ជូនសំខាន់ៗត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលដល់ឱកាសវិនិយោគ និងការអភិវឌ្ឍនៅក្នុងតំបន់ដែលកំពុងរីកចម្រើន។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយធ្វើដំណើរជុំវិញទីក្រុងម៉ានីល រួមមានដូចជា ផ្លូវល្បឿនលឿន Cavite-Laguna (CALAX) ផ្លូវល្បឿនលឿន C5 South Link និងផ្លូវ NLEX-SLEX។
ក្រុមហ៊ុន JLL Philippines បានលើកឡើងថា ការតភ្ជាប់កាន់តែប្រសើរឡើងពីគម្រោងទាំងនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់សកម្មភាពអចលនទ្រព្យ និងជួយជំរុញឱកាសអភិវឌ្ឍន៍នៅក្នុងខេត្តដែលនៅជាប់នឹងទីក្រុងម៉ានីល។

លោក De los Reyes អ្នកជំនាញនៅក្រុមហ៊ុន JLL Philippines បានអះអាងថា គម្រោងទាំងនេះនឹងជំរុញទំនុកចិត្តទីផ្សារ ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ថ្មីផ្នែកការិយាល័យ លក់រាយ លំនៅឋាន សណ្ឋាគារ និងវិស័យភស្តុភារកម្មនៅក្នុងខេត្តជុំវិញរដ្ឋធានីម៉ានីល។
ក្នុងចំណោមនោះ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL Philippines បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យផ្នែកដឹកជញ្ជូន និងឧស្សាហកម្មអាចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើ៕ប្រភព: BusinessWorld ៕







