ដោយៈ ម៉ាល័យ
វៀតណាមៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះសិក្សាស្វែងយល់ពីគំរូគ្រប់គ្រងច្រកទ្វារព្រំដែន នៅប្រទេសវៀតណាម ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ និងភស្ដុភារកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ ដឹកនាំដោយប៉ែន បូរាណ អនុរដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញនៃគម្រោងពង្រឹងសមត្ថភាព សម្របសម្រួលការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (SF-CLIP) មន្ត្រីជំនាញនៃគម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជា (3CEP) និងដែលមានការចូលរួមពីJICA Expert បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai និង Kim Thanh (វៀតណាម-ចិន) ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏មមាញឹកមួយ តភ្ជាប់មកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលគាំទ្រយ៉ាងសកម្មដល់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មរោងចក្រក្នុងតំបន់។
គោលបំណងសំខាន់នៃទស្សនកិច្ច គឺសិក្សាស្វែងយល់ពីឧត្តមមានុវត្តន៍ ប្លង់វិស្វកម្មលម្អិត នីតិវិធី និងយន្តការសម្របសម្រួលប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននូវទំនិញ និងអ្នកដំណើរ រវាងវៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន។

លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សា គ្រប់ជ្រុងជ្រោយនេះ នឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ ក្នុងការរៀបំផែនការហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងតំបន់ប្រកបដោយបរិយាបន្ន ទស្សនទាននិងឧត្តមមានុវត្តន៍កម្រិតតំបន់ សម្រាប់សាងសង់ពង្រីកស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនរបស់កម្ពុជា ប្រកបដោយភាពធន់ និងចីរភាព មានភាពទំនើប ងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងកាត់ក្នុងតំបន់ ប្រកបដោយភាពរលូន ស្របតាមលិខិតបទដ្ឋានគតិយុត្តជាអន្តរជាតិ ក្នុងតំបន់ដែលមានស្រាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវភស្តុភារកម្ម នៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាប្រទេសមានចំណូលខ្ពស់៕







