ក្រុមហ៊ុនវៀតណាមធំមួយស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនOlam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានមកសិក្សានិងស្វែងរកឱកាសវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងឱកាសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ​ លោក Gaurav Patil  អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចូល​ជួប​សម្តែងការ​គួរសម​ និង​ពិភាក្សាការងារ។

ក្នុងកិច្ចជំនួបនេះ លោក Gaurav Patil  អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បាន​ជម្រាប​ជូន​ថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Olam Group ដែលជា​ក្រុមហ៊ុន​ដ៏ធំមួយ​ មាន​ទីស្នាក់ការ​កណ្តាល​​នៅ​ប្រទេស​សិង្ហបុរី​ និង​​កំពុងមាន​ប្រតិបត្តិការ​ជាង​៦០ប្រទេស​ ដោយ​មាន​ជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។

បន្ថែមពីនេះ ក្រុមហ៊ុន​ Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន​ Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុង​ទិសដៅ​​បន្ត​​ជំរុញ និង​ពង្រីក​វិសាល​ភាព​វិនិយោគ​បន្ថែម​ទៅលើការកែច្នៃ​ស្វាយចន្ទីកម្ពុជា​ និង​​ដំណាំ​សក្តានុពល​កម្ពុជា​បន្ថែម​ទៀត រួមមាន​ ស្វាយ​ ទុរេន​ ម្នាស់ជាដើម​​។

លោក​បានបន្ថែមថា ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច និងនយោ​បាយ ក្រុមហ៊ុន​OFI មាន​បំណង​ពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទីនេះផ្ទាល់ ព្រមទាំងបានស្នើសុំពង្រឹង​កិច្ច​សហការ ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​ដើម្បី​ពិនិត្យលទ្ធភាព ក្នុង​ការបង្កើតយន្តការអំណោយផល ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​សក្តានុពល​កម្ពុជា ​ឱ្យ​កាន់តែ​សម្បូរបែបជាបន្តបន្ទាប់​នាពេល​អនាគតផងដែរ​​។​

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក Gaurav Patil  អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុនOlam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការលើកកម្ពស់ជំរុញ និងអភិ​វឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here