ភ្ញៀវទេសចរណ៍កំពុងទស្សនាប្រាសាទបាយ័ន។ រូបថត៖ ម៉ៃ វីរៈ
ដោយ ម៉ាណេត
ប៉េកាំងៈ កម្ពុជា និងចិនបានឯកភាពចំណុចចំនួន៦ចំណុច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យឈានមួយកម្រិតទៀត។ នេះយោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។
ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន និងលោកឡ ស៊ូកាំងរដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងទេសចរណ៍ចិន ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ឲ្យឈានមួយកម្រិតទៀត រួមមាន ទី១ ភាគីចិននឹងគាំទ្រសកម្មភាពនានារបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទេសចរណ៍ទៅទីផ្សារចិន នាពេលខាងមុខ។ ទី២ ភាគីចិនបានទទួលយកទីភ្នាក់ងារទេសចរណ៍កម្ពុជាចំនួន ១៣ក្រុមហ៊ុន ជាជំហានដំបូងសិន បន្ទាប់ពីក្រុមហ៊ុនទាំងនោះត្រូវបានវាយតម្លៃតាមប្រព័ន្ធបញ្ជាក់គុណភាពទទួលទេសចរចិន (China Accreditation System) ថាមានគុណភាព និងលក្ខណៈសម្បត្តិទទួលភ្ញៀវចិន ដើម្បីផ្សព្វផ្សាយរកដៃគូសហការជាមួយក្រុមហ៊ុន ទេសចរណ៍ចិន។
-->
ទី៣ ភាគីចិនក៏នឹងជួយពិនិត្យវាយតម្លៃបេក្ខភាពស្ថានតំណាង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីអាចបម្រើការជូនកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ទី៤ ភាគីចិននឹងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទេសចរណ៍ ចូលរួមកម្មវិធីតាំងពិព័រណ៍ទេសចរណ៍កម្ពុជា (CTM) និងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខ ដែលពិធីទាំងនេះនឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា។
ទី៥ភាគីកម្ពុជានឹងសម្រួលដល់ការផ្សព្វផ្សាយ ; នៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួចហើយ កម្ពុជា និងចិនឯកភាពបន្តជំរុញកិច្ចប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង និងទី៦ ភាគីទាំងពីរនឹងពង្រឹងការអនុវត្តរាល់អនុស្សរណនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខាចហើយ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគ្រោងយកទេសចរណ៍ចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។ នេះតាមប្រសាសន៍របស់សម្តេច ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កាលថ្ងៃទី១៤ មករាកន្លងមកនេះ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា យុទ្ឋសាស្រ្តរបស់ប្រមុខរដ្ឋាភិបាលបែបនេះ សុបិននឹងក្លាយជាការពិត ដោយសារទំនាក់ទំនងកាទូត ពាណិជ្ជកម្ម ពិសេសការប្រកាន់គោលនយោបាយចិនតែមួយ និងការដាក់ចេញយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៃមេដឹកនាំរបស់ប្រទេសទាំងពីរកម្ពុជា នឹងសម្រេចបាននូវគោលដៅនេះ ព្រោះបើគិតពីដើមឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៥ យើងសល់ពេល៧ឆ្នាំទៀត។
លោកបន្តថា “ជាមួយនឹងកំនើនទេសចរណ៍បែបនេះ អ្វីយើងគួរធ្វើគឺត្រូវរៀបចំខ្លួនបែបណា ដើម្បីទទួលបានភ្ញៀវក្នុងចំនួនច្រើនបែបនេះ ព្រោះយើងមិនចង់បានតែចំនួនមនុស្សទេ តែយើងក៏ត្រូវពង្រឹង និងផ្តល់សេវាកម្មប្រកបដោយគុណភាពផងដែរ”។
កាលពីឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន៦.២លាននាក់ ក្នុងកំណើន១១% ក្នុងនោះទេសចរជនជាតិចិនមានចំនួន២.០២លាននាក់ កើនឡើង៦៧%។ រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើនឡើង៩.៧% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕