កម្ពុជា​ និង​ចិន​ឯកភាព​គ្នា៦ចំណុច​ដើម្បី​ជំរុញ​កិច្ចប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​

0
ភ្ញៀវទេសចរណ៍កំពុងទស្សនា​ប្រាសាទបាយ័ន។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត

ប៉េ​កាំងៈ​ កម្ពុជា​ និង​ចិន​បាន​ឯកភាព​ចំណុច​ចំនួន៦ចំណុច​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​មួយ​កម្រិត​ទៀត​។ នេះ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់ក្រ​សួង​ទេសចរណ៍​កាលពី​ម្សិលមិញ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ និង​លោក​ឡ ស៊ូ​កាំង​រដ្ឋមន្រ្តី​ក្រសួង​វប្ប​ធ៌​មនិង​ទេសចរណ៍​ចិន​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយចំនួន​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ ឲ្យ​ឈាន​មួយ​កម្រិត​ទៀត​ រួមមាន​ ទី១​ ភាគី​ចិន​នឹង​គាំទ្រ​សកម្មភាព​នានា​របស់​កម្ពុជា​ ក្នុង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ទីផ្សារ​ចិន​ នា​ពេល​ខាងមុខ​។ ទី២​ ភាគី​ចិន​បាន​ទទួលយក​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ចំនួន​ ១៣ក្រុមហ៊ុន​ ជា​ជំហាន​ដំបូង​សិន​ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បាន​វាយតម្លៃ​តាម​ប្រព័ន្ធ​បញ្ជាក់​គុណភាព​ទទួល​ទេសចរ​ចិន​ (China​ Accreditation​ System​) ថា​មានគុណ​ភាព​ និង​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ចិន​ ដើម្បី​ផ្សព្វផ្សាយ​រក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ទេសចរណ៍​ចិន​។

ទី៣​ ភាគី​ចិន​ក៏​នឹង​ជួយ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​ស្ថាន​តំណាង​ ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ដើម្បី​អាច​បម្រើការ​ជូន​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី៤​ ភាគី​ចិន​នឹង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុនទេសចរណ៍​ ចូលរួម​កម្មវិធី​តាំងពិព័រណ៍​ទេសចរណ៍​កម្ពុជា​ (CTM​) និង​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី២​ នៅ​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខ​ ដែល​ពិធី​ទាំងនេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កម្ពុជា​។

ទី៥ភាគី​កម្ពុជា​នឹង​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ ​; នៃ​ការយោគយល់​គ្នា​នានា​ ដែល​បាន​ចុះហត្ថលេខា​រួចហើយ​ កម្ពុជា​ និង​ចិន​ឯកភាព​បន្ត​ជំរុញ​កិច្ចប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ និង​ទី៦​ ភាគី​ទាំងពីរ​នឹង​ពង្រឹង​ការអនុវត្ត​រាល់​អនុ​ស្ស​រណ​នៃ​ការយោគយល់​គ្នា​នានា​ ដែល​បាន​ចុះ​ហត្ថ​លេ​ខា​ចហើយ​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កម្ពុជា​គ្រោង​យក​ទេសចរណ៍​ចិន​ឲ្យបាន៥លាន​នាក់​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​។ នេះ​តាម​ប្រសាសន៍​របស់​សម្តេច​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កាល​ថ្ងៃទី១៤​ មករា​កន្លងមក​នេះ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោ​កហូ​ វណ្ឌី​បាន​មានប្រសាសន៍​ថា​ យុទ្ឋ​សាស្រ្ត​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ សុបិន​នឹង​ក្លាយជា​ការពិត​ ដោយសារ​ទំនាក់ទំនង​កា​ទូត​ ពាណិជ្ជកម្ម​ ពិសេស​ការ​ប្រកាន់​គោលនយោបាយ​ចិន​តែមួយ​ និង​ការ​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​ នឹង​សម្រេច​បាន​នូវ​គោលដៅ​នេះ​ ព្រោះ​បើ​គិត​ពីដើម​ឆ្នាំ២០១៩នេះ​ដល់​ឆ្នាំ២០២៥​ យើង​សល់​ពេល៧ឆ្នាំ​ទៀត​។

លោក​បន្ត​ថា​ “ជាមួយ​នឹង​កំនើន​ទេសចរណ៍​បែបនេះ​ អ្វី​យើង​គួរ​ធ្វើ​គឺ​ត្រូវ​រៀបចំខ្លួន​បែប​ណា​ ដើម្បី​ទទួល​បាន​ភ្ញៀវ​ក្នុង​ចំនួន​ច្រើនបែប​នេះ​ ព្រោះ​យើង​មិន​ចង់បាន​តែ​ចំនួន​មនុស្ស​ទេ​ តែ​យើង​ក៏​ត្រូវ​ពង្រឹង​ និង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ផង​ដែរ​”។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន៦.២លាន​នាក់​ ក្នុង​កំណើន១១​% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន២.០២លាន​នាក់​ កើនឡើង៦៧​%។ រយៈពេល៣ខែ​ ដើមឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​ ១.៨លាន​នាក់​ កើនឡើង៩.៧​% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង​ ៦៨ម៉ឺន​នាក់​ កើន​ជាង​ ៣៥​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here