ដោយៈ និស្ស័យ
ភ្នំពេញៈ នៅខែមីនា ឆ្នាំ ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញនូវទស្សនវិស័យនៃ “ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ជាលើកដំបូងនៅលើឆាកអន្តរជាតិ ក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ។
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជារូបនេះបានបង្ហាញការយល់ឃើញរបស់ខ្លួនថា រយៈពេល១៣ឆ្នាំក្រោយមក ទស្សនវិស័យនេះ បានអភិវឌ្ឍន៍ពីពាក្យស្លោកការទូត ទៅជាស៊ុមគោលនយោបាយសំខាន់មួយ នៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្សទី២១ ខណៈពេលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ភាពមិនស្មើគ្នាកាន់តែធំ និងការបែកបាក់នៃសណ្តាប់ធ្នាប់ពិភពលោក ខួបទី១៣ ឆ្នាំនេះជាឱកាសសំខាន់សម្រាប់ពិចារណា អំពីមូលដ្ឋានគំនិត សមិទ្ធផលជាក់ស្តែង និងសារៈសំខាន់ដ៏យូរអង្វែងរបស់វា។
នៅឆ្នាំ២០១៣ នៅពេលលោកស៊ី ជិនពីងបានលើកឡើងគំនិតនេះ គាត់បានឆ្លើយតបទៅនឹងសំណួរប្រវត្តិសាស្ត្រមួយ “មនុស្សជាតិកំពុងទៅកាន់ណា?”។
ប្រធានាធិបតីចិន បានចង្អុលបង្ហាញពីពិភពលោកមួយ ដែលស្ថានភាពសន្តិសុខអន្តរជាតិមានភាពធ្ងន់ធ្ងរ ការស្ដារសេដ្ឋកិច្ចខ្វះថាមពល និងភាពខុសគ្នានៃការអភិវឌ្ឍកំពុងកើនឡើង ខណៈពេលដែលការបាក់បែក នៃការយល់ព្រមពហុភាគី បានធ្វើឱ្យអភិបាលកិច្ចសកលខ្វះទិសដៅច្បាស់លាស់។
បច្ចុប្បន្ន ទស្សនវិស័យនេះត្រូវបានបញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញនៃបក្សកុម្មុយនិស្តចិន រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកសាររបស់អង្គការអន្តរជាតិមួយចំនួន ដោយសារតែសហគមន៍មានគោលបំណងសំខាន់ដូចជា ការរក្សាសន្តិភាពយូរអង្វែង សន្តិសុខសកល ទ្រព្យសម្បត្តិរួម ការបើកចំហរ និងបរិយាប័ន្ន និង ពិភពលោកស្អាត។
គោលបំណងសំខាន់ៗនេះ រួមចំណែកក្នុងការងាកចេញពីការប្រកួតប្រជែងយកឈ្នះចាញ់ ទប់ស្កាត់អំពើភេវកម្ម ជំងឺរាតត្បាត និង បញ្ហាអាកាសធាតុ កាត់បន្ថយវិសមភាព លើកកម្ពស់ពហុភាគីនិយម និង ផ្តោតលើនិរន្តរភាពបរិស្ថាន។
ទស្សនវិស័យនេះ ក៏លើកស្ទួយតម្លៃរួមរបស់មនុស្សជាតិ ដូចជា សន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ព្រមទាំងគោរពភាពចម្រុះនៃវប្បធម៌។

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ សមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើងនិងត្រូវបានអនុវត្ត ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសក និងគំនិតវប្បធម៌សកល។ គម្រោងខ្សែក្រវាត់ និងផ្លូវ មានប្រទេសចូលរួមជាង ១៥៥ ប្រទេស និងគម្រោងជាង៣,០០០។
ជាមួយគ្នានេះ ចិនក៏បានសហការជាមួយប្រទេសអាហ្វ្រិក ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ ពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ។ សារៈសំខាន់ដ៏ប្រសើរបំផុតនៃគំនិត “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” គឺស្ថិតនៅលើការវិភាគ អំពីគម្លាតអភិបាលកិច្ចសកល។
ស្ថាប័នអន្តរជាតិដែលបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដូចជា អង្គការសហប្រជាជាតិ ប្រព័ន្ធBretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរចនាឡើងសម្រាប់ពិភពលោកមួយ ដែលមានការតភ្ជាប់គ្នាខ្សោយនៅឡើយ។ នេះជាផ្នត់គំនិតមួយដើម្បីចូលរួមដោះស្រាយ នូវគម្លាតអភិបាលកិច្ចសាកល ដោយជំរុញឱ្យបង្កើតនូវទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ដែលផ្អែកលើអត្ថប្រយោជន៍រួម សមភាព និងការទទួលខុសត្រូវសាកលជារួម។
ជ្រុងសំខាន់មួយនៃគំនិតនេះ វិមាត្រសំខាន់មួយទៀតគឺការបដិសេធនូវការវាតទីអំណាច ដែលមានសារសំខាន់សម្រាប់ប្រទេសតូចៗ ការលើកស្ទួយតម្លៃរួមរបស់មនុស្សជាតិ។
ជាមួយគ្នានេះ ទស្សនវិស័យនេះត្រូវបានដាក់បញ្ចូល ទៅក្នុងឯកសារសំខាន់ៗរបស់ស្ថាប័នអន្តរជាតិ និងរដ្ឋចិន ដែលវាមិនមែនគ្រាន់តែជានិមិត្តសញ្ញាទេ ប៉ុន្តែជាការបង្កើតផ្នត់គំនិត សម្រាប់ការលូតលាស់សម្រាប់អនាគត។ ជាក់ស្តែងដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានប្រទេសចូលរួមជាង១៥៥ ដែលតំណាងឲ្យប្រជាជនភាគច្រើននៃពិភពលោក។
គម្រោងជាង៣,០០០ ត្រូវបានអនុវត្តន៍ និងមានការវិនិយោគជិត ១ ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែ ផ្លូវដែក និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដូចជា កម្ពុជា គំនិតផ្តួចផ្តើនេះ សមស្របជាមួយបំណងចង់បានរបៀបលំដាប់អន្តរជាតិដែលមានសមធម៌។
គំនិតផ្តួចផ្តើមនេះ បានជួយលើកតម្កើង និងពង្រីកសហប្រតិបត្តិការពិភពលោក ជាពិសេសនៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប និង អាមេរិកឡាទីន។ បន្ថែមលើនេះទៀត ទស្សនវិស័យនេះ បានរួមចំណែកបង្កើតសហគមន៍ជាក់តាមវិស័យ ដូចជា អ៊ីនធឺណិត សុខាភិបាល បរិស្ថាន សន្តិសុខបរិមាណូ និងសន្តិសុខមហាសមុទ្រ។
ជាការអនុវត្តជាក់ស្តែង ក្នុងពេលជំងឺCOVID-19 ចិនបានផ្តល់វ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសជាច្រើន។ សមិទ្ធផលសំខាន់ៗមួយចំនួនទៀត រួមមាន គឺការលើកកម្ពស់សាមគ្គីភាពរវាងប្រទេសសាកលខាងត្បូង។
ក្នុងកិច្ចប្រជុំBRICS កាលពីឆ្នាំ ២០២៤ មានការពង្រីកសមាជិក និងការផ្តល់វិធានការគាំទ្រជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល បរិស្ថាន សុខាភិបាល។ ទស្សនវិស័យនេះក្លាយជាចំណុចយោងសំខាន់សម្រាប់ការទូតរបស់ប្រទេសកំពុងអភិវឌ្ឍ។
ជារួមមក ប្រសិនបើពិភពលោកនូវរក្សាសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍សំខាន់ៗ នៃទស្សនវិស័យនៃសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនេះ ម៉្លេះពិភពលោកនឹងមិនមានសង្គ្រាមនៅមជ្ឈឹមបូព៌ា ការប៉ះទង្គិចប្រដាប់អាវុធ នៅតាមព្រំដែនកម្ពុជា–ថៃ និងវិបត្តិប្រងឥន្ធនៈដូចសព្វថ្ងៃនេះទេ៕







