ដោយៈ ចំណាន
ភ្នំពេញៈ លោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍ ប្រព័ន្ធព័ត៌មានដឹកជញ្ជូន និងភស្តុភារកម្ម សម្រាប់ប្រទេសមេគង្គ-ឡានឆាង”។
សិក្ខាសាលានេះធ្វើឡើង ក្រោមក្របខណ្ឌមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង (Lancang-Mekong Cooperation Special Fund) ដោយមានការចូលរួមពីមន្ត្រីជំនាញនិងតំណាងមកពី ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន និងវិទ្យាស្ថានមេគង្គ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន មកពីបណ្តាប្រទេសនៃតំបន់មេគង្គ-ឡានឆាង។
សិក្ខាសាលាត្រូវបានរៀបចំឡើង មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការយល់ដឹងអំពីវិស័យភស្តុភារកម្ម ដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ពិភាក្សា និងស្វែងយល់ពីអំពីតម្រូវការទិន្នន័យ និងកង្វះខាតផ្សេងៗ ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំនិងអភិវឌ្ឍ ប្រព័ន្ធព័ត៌មានដឹកជញ្ជូន និងភស្តុភារកម្ម សម្រាប់ប្រើប្រាស់ក្នុងក្របខ័ណ្ឌតំបន់មេគង្គ -ឡានឆាង។

គម្រោងTILS មានកម្មវត្ថុសំខាន់ចំនួន៣ដូចជា ទី១ ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងតំបន់មេគង្គ-ឡានឆាង ទី២ អភិវឌ្ឍន៍ និងអនុវត្តការបញ្ចូលគ្នា នូវប្រព័ន្ធព័ត៌មានដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងតំបនមេគង្គ-ឡានឆាង និងទី៣ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍ ការវិនិយោគ និងវិស័យទេសចរណ៍ ក្នុងតំបន់មេគង្គ-ឡានឆាង។
ថ្លែងក្នុងកម្មវិធីបើកនៃសិក្ខាសាលា លោកឈៀង ពេជ្រ បានសង្កត់ធ្ងន់ថា TILS ជាគម្រោងកម្រិតតំបន់ ដែលចាំបាច់មានការចូលរួមពីបណ្តាប្រទេស មេគង្គ-ឡានឆាង (រួមមាន ប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម) ទាំងអស់។ ដូច្នេះការសហការពីសំណាក់ប្រទេស មេគង្គ-ឡានឆាង គឺជាការចាំបាច់ដើម្បីធានាការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។
លោកបានស្នើសុំឱ្យបណ្តាប្រទេស មេគង្គ-ឡានឆាង ចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តគម្រោង ដើម្បីជាប្រយោជន៍ក្នុងអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅក្នុងតំបន់មេគង្គ-ឡានឆាង៕







