ក្រុមហ៊ុនចិនធំមួយនឹងវិនិយោគលើថាមពលអគ្គសនីនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តភូមិភាគឦសាន

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន China Energy International Group Co., Ltd នឹងវិនិយោគលើថាមពលអគ្គិសនី និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមបណ្តាខេត្តភូមិភាគឦសាន។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន China Energy International Group Co., Ltd ដែលដឹកនាំដោយ លោកQiao Xubin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និង មានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូប។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានអញ្ជើញមកសិ​ក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ព្រមទាំងពិនិត្យលទ្ធភាព ក្នុងការពង្រីកការវិនិយោគ លើវិស័យថាមពលអគ្គិសនី និងគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់។

បណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប បានគូសរំលេចជូនគណៈប្រតិភូក្រុមហ៊ុនថា “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” គឺជាយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួ​ង-ស្ថាប័ន ដើម្បីផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ សម្រាប់គម្រោងវិនិយោគ និងធុរកិច្ច ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយ និង ការអនុវត្តការងាររួមគ្នាជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅជំរុញការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោក Qiao Xubin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិតសភាចារ្យ ដែលបានដឹកនាំក្រុមការងារ ក្នុងការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធីរបស់គម្រោងវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ជាពិសេសបានជួយសម្រួ​លដល់គម្រោងសាងសង់កំពង់ផែ និងសាងសង់ផ្លូវរបស់ក្រុមហ៊ុនក្នុងខេត្តក្រចេះ ។

ជាមួយគ្នានេះ លោកQiao Xubin បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អំពីប្រវត្តិ ព័ត៌មានអាជីវកម្ម និង បទពិសោធន៍របស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ លើវិស័យថាមពលអគ្គិសនី និងការវិនិយោគលើគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ បានសម្តែងការស្វាគមន៍ និង លើកទឹកចិត្តដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការចាប់យកកាលានុវត្តភាពវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។ ជាមួយនេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និងកិច្ចសហការល្អសំដៅ​ជំរុញឱ្យដំណើរការ វិនិយោគរបស់ក្រុមហ៊ុន អាចដំណើរការបានដោយរលូន និងទាន់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here