ដោយៈ ចំណាន
កូរ៉េៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកShim Dong Seop) អគ្គនាយកសេដ្ឋកិច្ច និងការងារ នៅសាលាក្រុងឆាងវ៉ុន។
ក្នុងជំនួបនោះ លោកអភិបាលរងខេត្រ បានថ្លែងអំណរគុណដល់ការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងអបអរសាទរពិធីបុណ្យផ្កាប្រចាំឆ្នាំ ជីនហេគុនហាំងជេ លើកទី៦៤។
ឆ្លៀតក្នុងឱកាសនោះ បន្ថែមពីលើកិច្ចសហការផ្នែកវប្បធម៌ លោកអភិបាលរងបានស្នើឱ្យទីក្រុងឆាងវ៉ុន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ តាំងពីឆ្នាំ២០១៧ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

លើសពីនេះ លោកអភិបាលរងក៏បានលើកឡើង អំពីគម្រោងពង្រីកកំពង់ផែ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) និងបានស្នើឱ្យភាគីកូរ៉េ បានការគិតគូរពិនិត្យលទ្ធភាពចូលរួមវិនិយោគផងដែរ។
ជាការឆ្លើយតប លោកអភិបាលរងក្រុងឆាងវ៉ុន បានលើកឡើងថា ថ្មីៗនេះវិនិយោគិនកូរ៉េ មាននិន្នាការវិនិយោគក្រៅប្រទេស នៅប៉ែកអាស៊ីអាគ្នេយ៍។ ដូច្នេះលោកនឹងបន្តជំរុញអ្នកវិនិយោគកូរ៉េ ឱ្យសម្លឹងមើលប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលអាចធ្វើការតភ្ជាប់ផ្លូវទឹក តាមរយៈកំពង់ផែអន្តរជាតិនៃទីក្រុងទាំង២៕







