ភ្ញៀវទេសចរណ៍ចិននៅប្រាសាទបាយ័ន។ រូបថត៖សហការី
ដោយ ម៉ាណេត
ភ្នំពេញៈ អង្គការទេសចរពិភពលោករំពឹងថា ទេសចរជនជាតិចិននឹងកើនដល់២០០លាននាក់នៅឆ្នាំ២០២០ កម្ពុជាបាននិងកំពុងត្រៀមខ្លួនទាក់ទាញទេសចរជនជាតិចិនដើម្បីទាញយកផលប្រយោជន៍ចូលក្នុងសេដ្ឋកិច្ចជាតិ។
បើតាមអង្គការទេសចរពិភពលោកនៅឆ្នាំ២០២០ ពិភពលោករំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៨០០លាននាក់ ក្នុងនោះទេសចរជនជាតិចិននឹងកើនដល់ ២០០លាននាក់។ និន្នាការណ៍នៃកំណើនទេសចរណ៍ ជាពិសេសមកពីប្រទេសចិននេះ ធ្វើឲ្យប្រទេសនានាក្នុងសាកលលោក ចាប់ផ្ដើមដាក់ចុះគោលនយោបាយទាក់ទាញទេសចរចិន។
-->
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានមានប្រសាសន៍ក្នុងឱកាសបើកសន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី (Asia Travel Operators Conference) នៅទីក្រុងប៉កាំង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ថា ប្រទេសចិន គឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំ សំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោក។ លោកបានលើកឡើងថា ដោយភាពសំបូរបែបនែសក្តានុពលវប្បធម៌ទាំងរូបបិយនិងអរូបិយ នៃប្រទេសចិន និងភាពរីកចំរើនខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនចិន «ប្រទេសចិនគឺជាគោលដៅទេសចរណ៍វប្បធម៌ និងជាទីផ្សារផ្គត់ផ្គង់ទេសចរដ៏ធំសំរាប់បច្ចុប្បន្ន និងអនាគតរបស់ពិភពលោកទាំងមូល»
លោកបន្តថា “ប្រទេសចិនគឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា នាពេលបច្ចុប្បន្ន និងអនាគត”។
យោងតាមអង្គការទេសចរណ៍ពិភពលោក ឆ្នាំ២០១៨ ពិភពលោកទាំងមូលបានទទួលទេសចរអន្តរជាតិ ចំនួន១៤០០លាននាក់កើន៦ភាគរយ។
ដោយឡែកនៅក្នុងពិធីបើកសន្និសីទកិច្ចសន្ទនាអរិយធម៌អាស៊ី កាលពីព្រឹកថ្ងៃទី១៥ ឧសភា ២០១៩ ថ្មីៗនេះលោកប្រធានាធិបតី ស៊ី ជិនភីង ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨ មានទេសចរជនជាតិចិនដើរចរញទស្សនា ក្រៅប្រទេសចំនួន១៦០លាននាក់ ព្រមជាមួយនោះប្រទេសចិនតែឯង ក៏បានទទួលស្វាគមន៍ទេសចរអន្តរជាតិរហូតដល់១៤០លាននាក់ផងដែរ។
លោក ថោង ខុន ក៏បានជម្រាបជូនអង្គសន្និសីទអំពីបទពិសោធន៍នៅកម្ពុជា ក្នុងការដាក់ចុះយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍ចិន ២០១៦-២០២០ និងការអនុវត្ត សៀវភៅស្ដីស្ដីពី China Ready ដែលផ្ដោតសំខាន់លើការរៀបចំលក្ខណៈសម្បត្តិ ឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ទេសចរចិន ដែលរួមមានការរៀបចំបង្កើតផលិតផលថ្មីៗ ការបណ្ដុះណ្ដាលភាសាចិនដល់បុគ្គលិកប្រើការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ការវាយតម្លៃស្ដង់ដាគុណភាព តាមប្រព័ន្ធវាយតម្លៃគុណភាព (China Accreditation System) និងការផ្សព្វផ្សាយនានា។ ជាលទ្ធផលឆ្នាំ២០១៨ កន្លងទៅទេសចរចិនមកទស្សនាកម្ពុជាមានរហូតដល់ជាង២លាននាក់លើសការរំពឹងទុក។
លោកបន្តថា “បច្ចុប្បន្នក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងវិថី ព្រមទាំងស្មារតីនៃសហគមន៍វាសនា រួមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ត្រូវបានពង្រឹង និងពង្រីកមួយកម្រិតថែមទៀត ហើយដែលប្រទេសតាមវិថីសូត្រនឹងមានឱកាសជំរុញដៃគូរពាណិជ្ចកម្ម និងទេសចរណ៍ផងដែរ”។ លោកបន្តថា “សន្និសីទប្រតិបត្តិករទេសចរណ៍អាស៊ី ដែលរៀបចំឡើងនាពេលនេះ នឹងជួយជំរុញឲ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ជួបជុំផ្លាស់ប្ដូរយោបល់ និងបង្កើតទំនាក់ទំនងធុរកិច្ច សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដោយចាប់យកកាលានុវត្តភាពនៃភាពរីកចម្រើនរបស់ប្រទេសចិន”៕