ដោយៈ ម៉ាណា
ព្រះសីហនុៈ លោកវង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់ឆ្នេរអូរឈើទាល។
ក្នុងពិធីនេះក៏មានការរៀបចំព្រឹត្តិការណ៍ សម្តែងសិល្បៈវប្បធ៌មខ្មែរ និងលេងល្បែងប្រជាប្រិយ សាទរមហាសង្ក្រាន្តឆ្នាថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ក្រោមប្រធានបទ៖ ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ។
លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដោយបានបញ្ជាក់ថាស្របពេលដែលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមរៀបចំមហាសង្រ្គានឆ្នាំមមីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ កបិលមហាព្រហ្ម និងបង្ហាញនូវសេចក្តីស្រលាញ់ចំពោះជាតិ មាតុភូមិ តាមរយៈរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង គឺសាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។
លោកបញ្ជាក់ថា “ព្រឹត្តិការណ៍នាពេលនេះ បានបង្ហាញគោលបំណងផ្សព្វផ្សាយ ដល់សាធារណជនទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ឱ្យបានកាន់តែច្រើនកុះករ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ តាំងពីបុរាណកាលមក”។
លោកបន្ថែមថា “ពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏សំខាន់ក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ប្រជាជនខ្មែរ ដ៏យូរលង់មួយ ដែលគេតែងប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ១៤ ១៥ និង១៦ ខែមេសា ដូច្នេះប្រជាជនខ្មែរតែងតែប្រារព្ធពិធីនេះ យ៉ាងអធិកអធម ដើម្បីអបអរសាទរ ចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងជូនពរដល់គ្នាទៅវិញទៅមក ឱ្យមានសុខភាពល្អ មានសិរីសួស្តី បវរមហាប្រសើរ ជោគជ័យ និងសុភមង្គលក្នុងជីវិត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រារព្ធឡើងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ គឺ “ថ្ងៃមហាសង្ក្រាន្ត” ថ្ងៃទី២ គឺ “ថ្ងៃវារៈវ័នបត” ថ្ងៃទី៣ គឺ “ថ្ងៃឡើងស័ក” ដូចនេះប្រជា ជនខ្មែរនិយមលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមនានាមានដូចជា ល្បែងសេ្តចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បិតពួន បោះអង្គុញ ទាញព្រ័ត្រ រាវបង្កង បាយខុំ និងចត្រង្គជាដើម។ល។
លោកបន្តថា ការលេងល្បែងប្រជាប្រិយទាំងនេះ គឺមានប្រយោជន៍ដល់រាងកាយ ផ្លូវចិត្ត ការហាត់ប្រាណ ហាត់ភ្នែក ហាត់ជើងដៃ ឱ្យរាងកាយមានសុខភាពល្អ ភ្នែកវៃ ដៃជើងរហ័សរហួននឹងជាការហាត់ចិត្តគំនិត ហាត់ប្រាជ្ញាស្មារតីមោះមុត ម្យ៉ាង ទៀតល្បែងទាំងនេះ ជាអារ្យធម៌ចាស់របស់ខ្មែរសុទ្ធសាធ ដោយហេតុថាប្រទេសកម្ពុជាដែលបានបង្កើតនូវល្បែងប្រជាប្រិយជាច្រើន។
ជាមួយគ្នានោះផងដែរ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ចាក់ថា ក្នុងពិធីសម្ពោធសមិទ្ធិផលនានា គឺកើត ឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរ-អង្គភាព និងបងប្អូនម្ចាស់តូប រៀបចំគម្រោងកែលម្អឆ្នេរអូរឈើទាលរបស់យើងដោយរួមមាន៖ ១.រៀបចំចំណតរថយន្តបានបញ្ចប់១០០ភាគរយ ការងារចាក់បេតុង និងគូសស្លាកសញ្ញាជាដើម រួមទាំងដាក់ភ្លើងបំភ្លឺសូឡា ៦៩ដើម រ៉េហ្គែលូទឹកកខ្វក់ចំនួន២៧កន្លែង ដាំដើមអង្គារសិល្ប៍៣១១ដើម ដើមស្លាកំប្រុក៨៦ដើម ដើមឈើទាល២០០ដើម និងដាក់ដាំស្មៅទំហំ១២០០ម៉ែត្រការ៉េ។

២.ការងារគ្រប់គ្រងប្រព័ន្ធអគ្គិសនី ជំរុញបងប្អូនអាជីវករតបណ្តាញអគ្គិសនី និងខ្សែកាបអ៊ុប ទិកក្រោមដី ក្រោយតូបអាហារនីមួយៗ។ ៣.សាងសង់ផ្លូវដើរក្រោយតូប និងផ្លូវដើរមុខតូបដោយចាក់បេតុង និងអ៊ុតពណ៌បានបញ្ចប់ ១០០ភាគរយ។ ៤.កែលម្អតូបអាហារ និងបើកផ្លូវដើរចូលឆ្នេរចំនួន៧ច្រក។ ៥.បំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងចំណតរថយន្ត។ ៦.បានបញ្ចប់គម្រោងសាងសង់ឃ្លាំងស្តុកពោង១ខ្នង ទទឹង ៨ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ។ ៧.សាងសង់ស្លាក (ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ) អ៊ុតពណ៌ក្នុងបរិវេណរង្វង់មូលបេះដូង។
៨.លាបពណ៌ក្លោងទ្វាឆ្នេរ និងស្លាកក្លឹបឆ្នេរឡើងវិញ។ ៩.ជួសជុលបន្ទប់ទឹកសាធារណៈ១ខ្នង និងសាងសង់អគារសម្រាប់កម្លាំងកងរាជអាវុធហត្ថយាមប្រចាំការ។ ១០.ដាក់ដុំបាល់នៅផ្លូវចេញ-ចូលឆ្នេរ ដើម្បីការពារការជិះម៉ូតូចូលឆ្នេរកម្សាន្ត ដែលបង្កឱ្យគ្រោះថ្នាក់។ ហើយសមិទ្ធផលទាំងនេះ ប្រែក្លាយឆ្នេរអូរឈើទាល ជាទិសដៅទេសចរណ៍ស្អាតទំនើប និងមានស្តង់ដារអន្តរជាតិ ស្របនឹងគោល នយោបាយអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខ។
លោកអភិបាលខេត្តព្រះសីហនុ ក៏សូមអំពាវនាវដល់គ្រប់ភាគីបន្តចូលរួមថែរក្សាសមិទ្ធផលនេះ សម្អាត អនាម័យ បរិស្ថាន សំអាតឆ្នេរអូរឈើទាល កាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល៕









