កម្ពុជាបង្កើនសន្ទុះនវានុវត្តន៍បៃតងក្នុងទំហំទឹកប្រាក់គោលដៅ ចំនួន២០០លានដុល្លារជាមួយប្រទេសចំនួន៤

ចែករំលែក

ដោយៈ រដ្ឋានី

    ភ្នំពេញៈ កម្ពុជាបង្កើនសន្ទុះនវានុវត្តន៍បៃតង តាមរយៈការដាក់ឱ្យដំណើរការអនុវត្តកម្មវិធី “នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យា អាកាសធាតុ” ក្នុងទំហំទឹកប្រាក់គោលដៅ២០០លានដុល្លារ ដើម្បីជំរុញសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ និងអន្តរកាលសេដ្ឋកិច្ចកាបូនទាប។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា កម្ពុជាបានបោះជំហានយ៉ាងសំខាន់មួយទៀត ក្នុងយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ចបៃតង ដោយបាន ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច (R&DB Programme)” សំដៅលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកសាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។

កម្មវិធីថ្នាក់តំបន់នេះ ទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈធនាគារ អភិវឌ្ឍន៍កូរ៉េ (KDB) និងមានទិសដៅគាំទ្រ អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកសក្តានុពលរបស់ ខ្លួនកម្រិតអន្តរជាតិ។

នៅកម្ពុជា កម្មវិធីនេះត្រូវអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)។

ថ្លែងក្នុងពិធីនេះ លោកសាន វណ្ណទី បានគូសបញ្ជាក់ថា កម្មវិធី R&DB គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់ ពីការធ្វើនវានុវត្តន៍ដោយឡែកៗ ទៅជាប្រព័ន្ធសមាហរណកម្ម ដែលផ្សារភ្ជាប់ការស្រាវជ្រាវ សហគ្រាស និងការវិនិយោគបញ្ចូលគ្នា។

លោកបញ្ជាក់ថា “នេះមិនត្រឹមតែជាការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរៀបចំគំរូកំណើនថ្មីមួយសម្រាប់កម្ពុជា ដែលជាកំណើនបៃតងមានភាពប្រកួតប្រជែង និងមានភាពធន់”។

ទន្ទឹមនឹងនេះ លោកបានរំលេចពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ជូននូវរបាយការណ៍ NDC 3.0  ដែលឆ្លុះបញ្ចាំងពីមហិច្ឆតា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥។

ព្រមទាំងបានគូសបញ្ជាក់ថា ក្នុងនាមជា អាជ្ញាធរជាតិចាត់តាំង (National Designated Authority) នៃមូលនិធិអាកាសធាតុបៃតង ក្រសួងបរិស្ថានបាន និងកំពុងបន្តការប្តេជ្ញាចិត្តធានាថា ហិរញ្ញប្បទានអាកាសធាតុ ត្រូវបានប្រើប្រាស់ចំគោលដៅយុទ្ធសាស្ត្រ មានភាពជាម្ចាស់ដោយជាតិ និងតម្រង់ទិសរកលទ្ធផលជាក់ស្តែង ពោលគឺមិនត្រឹមតែផ្តោតលើការកៀរគរធនធានប៉ុណ្ណោះទេ តែដើម្បីបង្កើតផលប៉ះពាល់ជាវិជ្ជមានសម្រាប់ការផ្លាស់ប្តូរពិតប្រាកដ។

ជាមួយគ្នានេះ លោកមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ថា កម្មវិធីនេះនឹងជួយផ្សារភ្ជាប់បច្ចេកវិទ្យា និងទេពកោសល្យរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

លោកបានបញ្ជាក់ថា “តាមរយៈការគាំទ្រនវានុវត្តន៍ និងការវិនិយោគរួមគ្នា យើងអាចផ្តល់លទ្ធភាព ឱ្យសហគ្រិនភាពរបស់យើងពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច បៃតងបានកាន់តែខ្ពស់”។​

លោករដ្ឋមន្រ្តីចាត់ទុកគំនិតផ្តួចផ្តើមនេះថា “ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងអនាគតស្អាត និងប្រកបដោយចីរភាព”។

ធាតុផ្សំដ៏សំខាន់បំផុតនៃកម្មវិធីនេះ គឺការបង្កើត “មូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” ដែលមានទឹកប្រាក់ គោលដៅចំនួន ២០០លានដុល្លារអាមេរិក គ្រប់គ្រងដោយក្រុមហ៊ុន NH Absolute Return Partners។

ដើម្បីលើកទឹកចិត្ត និងកាត់បន្ថយហានិភ័យសម្រាប់អ្នកវិនិយោគឯកជន មូលនិធិGCF បានផ្តល់ហិរញ្ញប្បទានចំនួន៨៣,៧៥លានដុល្លារអាមេរិក ជាទម្រង់ហិរញ្ញប្បទាន សម្រាប់ការខាតបង់ដំបូង (First-loss financing)។

ជុំវិញយន្តការនេះ លោកស្រី Se-kyung Park ប្រធានក្រុមធុរកិច្ចអាកាសធាតុនៃធនាគារKDB បានលើកឡើងថា នវានុវត្តន៍អាកាសធាតុត្រូវតែភ្ជាប់ជាមួយការវិនិយោគ ដើម្បីទទួលបានជោគជ័យជាក់ស្តែង។ វេទិកាហិរញ្ញប្បទាននេះ នឹងផ្សារភ្ជាប់អាជីវកម្មបច្ចេកវិទ្យាអាកាសធាតុដែលមានសក្តានុពល ជាមួយមូលធនដែលពួកគេត្រូវការ។

ក្នុងនាមជាទីភ្នាក់ងារសហអនុវត្តនៅកម្ពុជា បណ្ឌិត លី ជេសឹង (Jaeseung Lee) អនុប្រធានប្រចាំតំបន់អាស៊ីនៃGGGI បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជួយគាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រឹងភាពជាដៃគូ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ឱកាសទីផ្សារ ដើម្បីពង្រីកអាជីវកម្មប្រកបដោយចីរភាព។

កម្មវិធីថ្នាក់តំបន់នេះ គ្របដណ្តប់លើប្រទេសចំនួន៥ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដែលនឹងអនុវត្តរហូតដល់ខែតុលា ឆ្នាំ២០៣០ ខណៈដែលមូលនិធិវិនិយោគ មានរយៈពេលប្រតិបត្តិការរហូតដល់១០ឆ្នាំ។ គម្រោងនេះមានគោលដៅគាំទ្រអាជីវកម្មសរុប១៨៥នៅថ្នាក់តំបន់ ដោយក្នុងនោះយ៉ាងហោចណាស់មាន៤០អាជីវកម្មនៅកម្ពុជា និងផ្តោតយ៉ាងសំខាន់លើគោលការណ៍បរិយាបន្នយេនឌ័រ ដែលតម្រូវឱ្យមានក្រុមហ៊ុនដឹកនាំដោយស្ត្រី ចន្លោះពី ៣០% ទៅ ៥០%៕


ចែករំលែក