ដោយបណ្ឌិតញឹល រដ្ឋា
ភ្នំពេញៈ អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកយកមកបង្ហាញពីការទាញយកប្រយោជន៍ពីបារាំង ក្នុងជម្លោះព្រំដែនជាមួយថៃ តាមរយៈ “ភាសា” និង “ការស្តារតំបន់ប្រវត្តិសាស្ត្រអាណានិគម”។
លោកបណ្ឌិតញិល រដ្ឋាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងកាទូត បានលើកយកនូវយុទ្ធសាស្រ្តមួយចំនួនយកមកបង្ហាញដូចជា យុទ្ធសាស្ត្រ Francophonie៖ ការទាញយកប្រយោជន៍ តាមរយៈ “ភាសា”។ ភាសាបារាំងមិនមែនគ្រាន់តែជាមធ្យោបាយទាក់ទងគ្នានោះទេ ប៉ុន្តែវាគឺជា “សោរ” សម្រាប់បើកទ្វារឯកសារយោង និងការគាំទ្រអន្តរជាតិ។
▪︎ ការគ្រប់គ្រងភស្តុតាងប្រវត្តិសាស្ត្រ
រាល់សន្ធិសញ្ញា និងអនុសញ្ញាសំខាន់ៗរវាងបារាំង -សៀម (១៨៦៣-១៩០៧) ដែលជាមូលដ្ឋានគ្រឹះ នៃព្រំដែនកម្ពុជាបច្ចុប្បន្ន ត្រូវបានចងក្រងជាភាសាបារាំង។
▪︎ ការទាក់ទាញសម្លេងគាំទ្រពីប្លុកFrancophonie
តាមរយៈការលើកកម្ពស់ភាសាបារាំង កម្ពុជាអាចពង្រឹងសាមគ្គីភាព ជាមួយបណ្តាប្រទេសនិយមភាសាបារាំងជាង៨០ប្រទេស។
▪︎ បារាំងជាអ្នកបកស្រាយផ្លូវការ
ក្នុងជម្លោះផ្លូវច្បាប់ បារាំងគឺជាភាគីទីបីដែលអាចបញ្ជាក់ពី “ចេតនាដើម” នៃអត្ថបទច្បាប់ដែលគេបានសរសេរ។

យុទ្ធសាស្ត្របោះបង្គោលវប្បធម៌
ការស្តារតំបន់ប្រវត្តិសាស្ត្រអាណានិគម ការជួសជុល និងអភិរក្សសំណង់សម័យអាណានិគម នៅតាមបណ្តាខេត្តជាប់ព្រំដែន (ដូចជា បាត់ដំបង កំពត ឬតំបន់ព្រំដែនផ្សេងៗ) គឺជាការបញ្ជាក់ពី “វត្តមានរដ្ឋបាល”ជាប្រវត្តិសាស្ត្រ។
▪︎ ការបញ្ជាក់ពីអធិបតេយ្យភាពតាមរយៈបេតិកភណ្ឌ
សំណង់សម័យអាណានិគម (សាលាខេត្ត ប៉ុស្តិ៍រដ្ឋបាល ឬផ្ទះស្នាក់នៅ) គឺជាភស្តុតាងរូបីដែលបង្ហាញថារដ្ឋបាលខ្មែរ (ក្រោមអាណាព្យាបាលបារាំង) បានគ្រប់គ្រង និងរៀបចំដែនដីទាំងនោះតាំងពីយូរយារមកហើយ។ ការស្តារតំបន់ទាំងនេះឡើងវិញ គឺជាការប្រាប់ទៅភាគីថៃថា “ដីនេះមានម្ចាស់ និងមានប្រវត្តិរដ្ឋបាលច្បាស់លាស់” ។
▪︎ ការទាញយកបណ្ណសារដ្ឋាន (Archives)
នៅពេលកម្ពុជាចាប់ផ្តើម គម្រោងស្តារតំបន់ប្រវត្តិសាស្ត្រ បារាំងនឹងផ្តល់នូវផែនទីលម្អិត ប្លង់សូរិយោដី និងកំណត់ត្រារដ្ឋបាលសម័យនោះមកឱ្យយើងបន្ថែមទៀត។
▪︎ ទេសចរណ៍យុទ្ធសាស្ត្រ
ការប្រែក្លាយតំបន់ប្រវត្តិសាស្ត្រអាណានិគម`ឱ្យទៅជាតំបន់ទេសចរណ៍ នឹងទាញយកចំណាប់អារម្មណ៍ ពីសហគមន៍អន្តរជាតិ និងអង្គការUNESCO។
សេចក្តីសន្និដ្ឋាន
លោកញិល រដ្ឋាបានបង្ហាញថា “ការប្រើប្រាស់ភាសាបារាំង និងការស្តារបេតិកភណ្ឌអាណានិគម មិនមែនជាការនិយមបរទេសជ្រុលឡើយ ប៉ុន្តែវាគឺជា “នយោបាយជាក់ស្តែងនិយម”។
លោកបានបញ្ជាក់ទៀតថា “វាគឺជាការប្រើប្រាស់មរតកប្រវត្តិសាស្ត្រមកធ្វើជា “ខ្នងបង្អែក” ដើម្បីការពារមិនឱ្យជិត ខាងមានលេសឈ្លានពាន និងដើម្បីរក្សាឱ្យបាននូវបូរណភាពទឹកដី ដែលដូនតាខ្មែរបានតស៊ូរក្សាទុកមកដល់សព្វថ្ងៃ៕








