វិភាគៈ តើកម្ពុជាប្រើប្រាស់យុទ្ធសាស្រ្តកាទូតសេដ្ឋកិច្ចបែបណាដើម្បីប្រកួតប្រជែងក្នុងបរិបទតំបន់ដើម្បីធានាកំណើនសេដ្ឋកិច្ច?

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ការទូតសេដ្ឋកិច្ចបានក្លាយជាសមរ​ភូមិ​​ថ្មី ដែលកម្ពុជាត្រូវសម្រុកទៅមុខ ស្របពេលប្រទេសជុំវិញកម្ពុជា បានទាក់ទាញការវិនិយោគតម្លៃរាប់ពាន់លានដុល្លារ លើវិស័យដែលទាញតម្លៃបន្ថែមបានខ្ពស់។

ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ទាមទារឲ្យកម្ពុជាធ្វើកិច្ចការជាច្រើន ដោយកាត់បន្ថយការិយាធិបតេយ្យ កែលម្អរប្រព័ន្ធពន្ធដា លុបបំបាត់Scam Online និងការលើកទឹកចិត្តតាមរយៈការដាក់ចេញគោលនយោយាបាយថ្មីៗបន្ថែមទៀត សម្រាប់វិនិយោគិន។

នៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម ដែលប្រែប្រួលយ៉ាងឆាប់រហ័ស “ការទូតសេដ្ឋកិច្ច” លែងគ្រាន់តែជាពាក្យស្លោកខាងនយោបាយទៀតហើយ ប៉ុន្តែវាបានក្លាយជាអាវុធ​យុទ្ធសាស្ត្រដ៏មុតស្រួច សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ​ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ច ជាតិឱ្យហក់ឡើងខ្ពស់។

សម្រាប់ប្រទេសមានសក្តានុពលដូចជាកម្ពុជា ការប្រើប្រាស់ យន្តការការទូត ដើម្បីទាក់ទាញវិនិយោគិន ជំរុញពាណិជ្ជកម្ម លើកកម្ពស់ទេសចរណ៍ ព្រម ទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា គឺជាកិច្ចការអាទិភាពដែលមិនអាចខ្វះបាន ក្នុង​គោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ផ្លែផ្កានៃការជំរុញការទូតសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញតាមរយៈ កតា្តជំរុញកំណើនសេដ្ឋកិច្ចមួយចំនួន ដូចជា ទំហំពាណិជ្ជកម្មសរុបសម្រេចបាន៦៤,០២ ពាន់លានដុល្លារ (កើ​ន​ឡើង១៦,៨ភាគរយ) ការវិនិយោគទទួលបាន៦៣០គម្រោង ក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារ និងវិស័យទេសចរណ៍ ទទួលបានភ្ញៀវអន្តរជាតិប្រមាណ៥,៥លាននាក់។

ទោះជាយ៉ាងណា បើពិនិត្យមើលរូបភាពជារួមនៅក្នុងតំបន់ យើងឃើញថាមានប្រទេសមួយចំនួន មានសក្តានុពលប្រហាក់ប្រហែលគ្ន ប៉ុន្តែអាចទាញយកផលប្រយោជន៍ ពីការទូតសេដ្ឋកិច្ចបានលឿន និងមានប្រសិទ្ធភាពជាង។

ជាក់ស្តែង ប្រទេសវៀតណាម ជាឧទាហរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងតំបន់។ បើទោះបីជាវៀតណាម មានចំណុចចាប់ផ្តើមស្រដៀងគ្នានឹងកម្ពុជា ក្នុងទសវត្សរ៍មុនៗក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ពួកគេ មានលក្ខណៈបុរេសកម្មខ្លាំងជាង។

វៀតណាម មិនត្រឹមតែពង្រីកទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាតួអង្គយ៉ាងសកម្ម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗជាច្រើន រួមមានទាំងជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប – វៀតណាម (EVFTA) ដែលធ្វើឱ្យពួកគេ ក្លាយជាមជ្ឈមណ្ឌលផលិតកម្មលំដាប់ពិភពលោក។

ជាក់ស្តែងកាលពីនៅឆ្នាំ២០២៥ វៀតណាមបានចូលជាសមាជិកក្នុងក្រុមប្រទេស ដែលមានពាណិជ្ជកម្មធំបំផុតទាំង១៥ លើពិភពលោក ដែលមានទំហំពាណិជ្ជកម្ម មានទំហំលើសពី៩៣០ពាន់លានដុល្លារ។

បន្ថែមពីនេះ សាជីវកម្មធំៗដូចជាNVIDIA, Samsung និង Qualcommបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D​) នៅវៀតណាម ដែលដាក់ប្រទេសនេះ ទៅក្នុងខ្សែច្រវាក់តម្លៃសកលនៃបន្ទះឈីប (Semiconductor) និងបញ្ញាសិប្បនិម្មិត(AI)។

ក្រឡេកមើលការពង្រីកទីផ្សារវិញ វៀតណាមបានសម្រេចជោគជ័យ លើការនាំចេញផលិតផលកសិកម្មសំខាន់ៗ អង្ករ កាហ្វេ ធុរេន សំបុកត្រចៀកកាំ និងទទួលបានកំណត់ត្រាភ្ញៀវទេសចរអន្តរជាតិ ២១,៥លាននាក់ នៅឆ្នាំ២០២៥។

លោកស្រី ង្វៀន មិញ​ ហាំង អនុរដ្ឋមន្រ្តីការបរទេស ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានVNA កាលពីចុងខែកុម្ភៈ សម្រាប់ទិសដៅអាទិភាពកាងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២៦ វៀតណាម នឹងផ្តោតលើការទូតវិទ្យាសាស្ត្របច្ចេកវិទ្យា ការទូតបន្ទះឈីបស៊ីម៊ីកុងឌុចទ័រ និងការទូតសេដ្ឋកិច្ចឌីជីថល ព្រមទាំងពន្លឿនការចរចាពាណិជ្ជកម្មសេរី ជាមួយមជ្ឈិមបូព៌ា អាហ្វ្រិក អាម៉េរិកឡាទីន និងអាស៊ីកណ្តាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារ ប្រពៃណី។

វៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន១៧ និងទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៩៤នៅទូទាំងពិភពលោក រួមទាំងភាពជាដៃគូ កម្រិតគ្រប់ជ្រុងជ្រោយ ឬខ្ពស់ជាងនេះជាមួយប្រទេសចំនួន៤២ ដែលក្នុងនោះមាន១៧ ប្រទេសជាសមាជិកG20 និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

បទពិសោធន៍វៀតណាមបង្ហាញថា ការទូតសេដ្ឋកិច្ចដែលមានជោគជ័យមិនមែនអាស្រ័យ លើតែការរៀបចំព្រឹត្តិការណ៍បង្ហាញសក្តានុពលនោះទេ ប៉ុន្តែវាជាការកសាងទំនុកចិត្ត តាមរយៈស្ថិរភាពច្បាប់ និងការសម្របសម្រួលបរិយាកាសវិនិយោគ ឱ្យមានភាពប្រកួតប្រជែងខ្ពស់។

ចំណែកថៃវិញ កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន ដែលជានាយករដ្ឋមន្រ្តីថៃនាពេលនោះ បានដាក់ចេញនូវចក្ខុវិស័យ “ការទូតសកម្ម” ដើម្បីជំរុញសេដ្ឋកិច្ច និងឥទ្ធិពលរបស់ថៃ។ គោលនយោបាយនេះ មានគោលដៅឆ្លើយតប នឹងការបែងចែកប្លុកភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងបច្ចេកវិទ្យា និងស្តង់ដារបរិស្ថានសកល។

ប្រទេសថៃបានព្យាយាម រក្សាទំនាក់ទំនងតុល្យភាពជាមួយមហាអំណាចដូចជា អាម៉េរិក ចិន ជប៉ុន និងឥណ្ឌា ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន សហភាពអឺរ៉ុប និងមជ្ឈិមបូព៌ា។ ក្រៅពីនេះ ថៃក៏បានជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល តាមរយៈយុទ្ធសាស្ត្រ“Thailand4.0”។

ក្រោមការដឹកនាំបន្តបន្ទាប់ គោលនយោបាយនេះនៅតែជាសសរស្តម្ភដ៏សំខាន់ ដោយផ្តោតលើ “ការទូតដើម្បីប្រជាជន” និងការប្រើប្រាស់ “អំណាចទន់” ដើម្បីនាំប្រទេសឱ្យចាកផុតពី” អន្ទាក់ប្រទេសមានប្រាក់ចំណូលមធ្យម”។

ក្នុងទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង រដ្ឋាភិបាលថៃបានកំណត់គោលដៅទាក់ទាញទុនវិនិយោគ ឱ្យបានយ៉ាងហោចណាស់១ទ្រីលានបាត (ប្រហែល ២៨,៨ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៦ ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលទិន្នន័យ (Data Center) និងសេវាក្លោដ (Cloud Computing)។

អ្វីដែលជាចំណុចពិសេសនៃយុទ្ធសាស្ត្រនេះ គឺការដាក់មនុស្សជាមជ្ឈមណ្ឌល តាមរយៈគោលនយោបាយ “ការទូតដើម្បីប្រជាជន” ដែលភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចពីការទូត ទៅកាន់ជីវភាពពលរដ្ឋដោយផ្ទាល់។

ជាមួយគ្នានេះ ថៃបានប្រើប្រាស់វិស័យទេសចរណ៍ និងវប្បធម៌ជាឧបករណ៍នៃអំណាចទន់ តាមរយៈគំនិតផ្ដួចផ្ដើមដូចជា “ទិដ្ឋាការគោលដៅថៃ” និងការជំរុញប្រព័ន្ធទិដ្ឋាការរួមអាស៊ាន ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងសុខាភិបាលសកល។ នៅឆ្នាំ២០២៥ ថៃទទួលបានទេសចរអន្តរជាតិប្រមាណ ៣៣លាននាក់។ នេះបើតាមកាសែតBangkok Post។

ជោគជ័យនៃការទូតសេដ្ឋកិច្ចរបស់ថៃ ក៏មានការចូលរួមយ៉ាងសំខាន់ពីយន្តការ “ក្រុមការងារថៃ” (Thailand Team) ដែលជាការសម្របសម្រួលយ៉ាងស្អិតល្មួត រវាងក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន។ ការធ្វើការងារជាធ្លុងមួយនេះ បានជួយឱ្យថៃមានសំឡេងរឹងមាំ ក្នុងការចរចាអន្តរជាតិ និងអាចឆ្លើយតបបានយ៉ាងរហ័ស ទៅនឹងតម្រូវការរបស់វិនិយោគិន។

បន្ថែមពីនេះ​ ថៃបានប្រើប្រាស់បណ្តាញ ទូតរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ខ្លួនមានលក្ខណៈជាប្រព័ន្ធ ដែលខុសពីបណ្តាប្រទេសជិត ខាងមួយចំនួន ដែលនៅប្រើប្រាស់វិធីសាស្ត្រការទូតបែបប្រពៃណី ផ្ដោតខ្លាំងតែលើ នយោ​បាយ និងសន្តិសុខ។

ការប្រៀបធៀបនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសដែលរីកចម្រើនជាង គឺជាប្រទេសដែលសកម្ម ក្នុងការប្រែក្លាយស្ថានទូត និងមន្ត្រីការទូតឱ្យទៅជា “ភ្នាក់ ងារលក់” និង “ជាអ្នកសម្របសម្រួលពាណិជ្ជកម្ម” ដ៏វៃឆ្លាតបំផុត។

តាមរយៈបទពិសោធន៍ប្រទេសជិតខាងទាំងពីរខាងលើ កម្ពុជា អាចពិនិត្យលទ្ធភាពស្រង់ បទ​ពិសោធន៍សំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃសមាហរណកម្មសេដ្ឋ កិច្ចអន្តរជាតិ។

ជាដំបូង កម្ពុជាគួរតែជំរុញការធ្វើពិពិធកម្ម និងពហុភាគីកម្មនៃទំនាក់ទំនង ដៃគូ ដើម្បីកាត់​បន្ថយហានិភ័យ ពីការរំពឹងផ្អែកលើសេដ្ឋកិច្ចតែមួយកន្លែង និងពង្រឹងតួនាទី ក្នុងអាស៊ាន (បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២៥ ចិន ជាប្រទេសមានប្រភពទុនវិយោគ នៅកម្ពុជាច្រើនជាងគេ រហូតដល់៥៤,២៥ភាគរយ)។

ទីពីរ គឺការបង្កើនសមត្ថភាពចរចាអន្តរជាតិ និងការទាញយកអត្ថប្រយោជន៍ពី “អំណាចទន់” តាមរយៈការផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងទេសចរណ៍។

ទីបី គឺការផ្តោតលើការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដោយការកែលម្អបរិយា កាសវិនិយោគ និងការកាត់បន្ថយនីតិវិធីរដ្ឋបាល។

ចុងក្រោយ គឺការបង្កើនការសម្របសម្រួលអន្តរក្រសួង ដូចគំរូ  “Team Thailand” ដើម្បី ធានាបាននូវការរួបរួមគំនិតគ្នា ក្នុងគោលនយោបាយការបរទេស ពាណិជ្ជកម្ម និងការវិនិ​យោគ សំដៅការពារផលប្រយោជន៍ជាតិ ឱ្យបានខ្ពស់បំផុតក្នុងយុគសម័យថ្មី។

ដូច្នេះការទូតសេដ្ឋកិច្ច ​មិនមែនជារឿងដាច់ដោយឡែក​ពីគោលនយោបាយផ្ទៃក្នុងនោះ​ទេ។ ដើម្បីអាចឈានទៅរកកម្រិតរីកចម្រើន​ ដូចប្រទេសជិតខាង ដែលមានសក្តានុពល​ប្រហាក់ប្រហែល ប្រទេសមួយ​ចាំបាច់ ត្រូវមានការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ រវាង​គោលនយោបាយការបរទេស និងការកែទម្រង់សេដ្ឋកិច្ចក្នុងស្រុក។

ការពង្រឹងគុណភាពធនធានមនុស្ស ក្នុងវិស័យការទូត ឱ្យមានជំនាញផ្នែកសេដ្ឋកិច្ច ច្បាប់​ពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពវិភាគទីផ្សារ គឺជាគន្លឹះដែលនឹងកំណត់ថា តើការទូត សេដ្ឋកិច្ច អាចក្លាយជាក្បាលម៉ាស៊ីនពិតប្រាកដ សម្រាប់កំណើនជាតិ ឬគ្រាន់តែជាក្រប​ខណ្ឌទ្រឹស្តី នៅក្នុងក្រដាស។

ការសម្រេចបាននូវភាពជោគជ័យនេះ ទាមទារនូវឆន្ទៈ​នយោ​បាយខ្ពស់ និងការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជន ដើម្បីបង្កើតជាកម្លាំងសរុប​ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ៕


ចែករំលែក