មន្រ្តីទូតកម្ពុជាពិភាក្សាការងារជាមួយគណៈអភិបាលខេត្តមួយ នៅប្រទេសជប៉ុន

ចែករំលែក

ដោយៈ ចំណាន

    ជប៉ុនៈ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង គណៈអភិបាលខេត្តតូឈិហ្គិ និងគណៈប្រតិភូវិស័យឯកជនកម្ពុជា នៅទីស្នាក់ការរដ្ឋាបាលខេត្តតូឈិហ្គិ ខេត្តតូឈិហ្គិ។

ព័ត៌មាននេះត្រូវបានលើកឡើង នៅក្នុងឱកាសគណៈអភិបាលខេត្តតូឈិហ្គិ ត្រូវបានដឹកនាំដោយលោក FUKUDA TOMIKAZU អភិបាលខេត្តតូឈិហ្គិ និងចូលរួមអមដោយលោក Yukihiko Soutome សមាជិកសភាប្រចាំខេត្តតូឈិហ្គិ និងមន្រ្តីពាក់ព័ន្ធ នៃរដ្ឋាបាលខេត្តតូឈិហ្គិ។

ចំណែកវិស័យឯកជនកម្ពុជា ដឹកនាំដោយ លោកលីម តារារិទ្ធ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងអគ្គនាយកក្រុមហ៊ុន AZ Group និងមានការចូលរួមដោយ លោក ISHIKAWA OSAMU ប្រធានក្រុមហ៊ុន SV Construction Co., Ltd, លោកស្រី SAKAKI ANERA ប្រធានក្រុមហ៊ុនTENSHI CO., LTD, លោកJESSE MCCAUL នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុនAZ Group និងសមាជិកក្រុមហ៊ុន និងតំណាងវិស័យឯកជនកម្ពុជាមួយចំនួនទៀត។

ជំនួបនេះ បានផ្ដោតសំខាន់ទៅលើការពង្រឹង ទំនាក់ទំនងការទូត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការនានា រវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តតូឈិហ្គិ និងប្រទេសកម្ពុជា។

ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នា រៀបចំសិក្ខាសាលាវិនិយោគ និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាមួយនឹងគោលដៅសំខាន់ៗ រួមមាន៖ ទី១- ជំរុញការវិនិយោគលើវិស័យកសិកម្ម ការងារ អប់រំ បច្ចេកវិទ្យា និងដឹកជញ្ជូន ទី២- ជំរុញទេសចរណ៍ទ្វេភាគី រវាងខេត្តតូឈិហ្គិ និងកម្ពុជា។

ទី៣- ជំរុញការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា និងលើកទឹកចិត្តការជ្រើសរើសពលករកម្ពុជា មកធ្វើការនៅខេត្តតូឈិហ្គិ និងទី៤- ពង្រឹងការផ្ទេរបច្ចេកវិទ្យាកសិកម្មទៅកម្ពុជា៕


ចែករំលែក