ដំណឹងល្អ!កម្ពុជាប្រកាសបើកដំណើរការរោងចក្រចម្រាញ់រ៉ែមាសថ្មី ក្នុងខេត្តក្រចេះ និងកំពង់ធំជាមួយទុន៤០លានដុល្លារ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពលបានប្រកាសដំណើរការរោងចក្រចម្រាញ់មាស មួយកន្លែងទៀត នៅតំបន់ស្នងអន ស្ថិតភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ នា​ថ្ងៃទី២២ ខែមេសានេះ។

រោងចក្រនេះ ដំណើរការឡើងក្រោមទុនប្រមាណ៤០លានដុល្លារ ពីការវិនិយោគផ្ទាល់របស់​ក្រុមហ៊ុនចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនចិន ឈ្មោះ Cambodian K88 Industry Co., Ltd. ចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែ នៅតំបន់ “ស្នងអន” តាំងពី ឆ្នាំ២០២០មក។ រហូតដល់ ឆ្នាំ២០២៣ ក្រុមហ៊ុនបានប្រកាសរកឃើញជម្រករ៉ែមាស ដែល មានលក្ខណៈសេដ្ឋកិច្ច និងឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែ មាស ជាមួយទុនវិនិយោគ៤០លានដុល្លារអាម៉េរិក។​

ក្រសួងរ៉ែបានបញ្ជាក់ថា “ការវិនិយោគរបស់ក្រុមហ៊ុនចម្រាញ់រ៉ែមាសនេះ គឺអាចបង្កើតការ ងារដោយផ្ទាល់សម្រាប់ពលរដ្ឋខ្មែរ ៣៧៥នាក់ បន្ថែមពីលើការបង់សួយសារ និងពន្ធអាករ នានាតាមច្បាប់ជាប្រយោជន៍របស់ជាតិ”។​

ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រា​ញ់រ៉ែមាសនេះ ត្រូវអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ ដល់សហគមន៍មូលដ្ឋាន។

ក្រសួងរ៉ែ និងថាមពល បានចាត់ទុកសមិទ្ធផលនេះ ជាការនាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេស ដែលបង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមផ្សេងៗទៀតជាច្រើនសម្រាប់កម្ពុជា។

ផលិតផលរ៉ែមាស កំពុងក្លាយជាប្រភពចំណូលជាតិ ថ្មីមួយរបស់កម្ពុជា៕


ចែករំលែក