ចំណុចរបត់​នៃទីផ្សារអចលនទ្រព្យ​នៅ​ប្រទេសចិន នឹង​ជំរុញ​ឱ្យទីផ្សារភាគហ៊ុន​ងើបឡើងវិញ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ធនាគារ JPMorgan Chase អះអាងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកនេះ អាចនឹងចាប់ផ្តើមងើបឡើងវិញ។ ការណ៍នេះអាចជំរុញឱ្យទីផ្សារភាគហ៊ុនចិនមានភាពប្រសើរឡើង។

ភាពប្រសើរឡើងស្តែងឱ្យឃើញតាមរយៈសញ្ញាមួយចំនួន ដូចជា ការធ្លាក់ចុះយឺតជាងមុននៃតម្លៃលំនៅឋាន ការកើនឡើងនៃតម្លៃផ្ទះប្រភេទទី២ នៅក្នុងទីក្រុងជាច្រើន និងឥទ្ធិពលពីការងើបឡើងវិញនៃទីផ្សារលំនៅឋានហុងកុង ដែលកំពុងរាលដាលដល់ទីក្រុងនានានៅចិនដីគោក។

ជាមួយគ្នានេះ ការងើបឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ប្រទេសចិនកំពុងជំរុញកំណើនទ្រព្យសម្បត្តិសម្រាប់ប្រជាជនចិន។ ដូច្នេះ ពួកគេអាចនឹងងាកទៅទិញផ្ទះ។ បច្ចុប្បន្ន លំនៅឋានមានតម្លៃសមរម្យជាងមុនបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ទីផ្សារភាគហ៊ុននៅចិនដីគោកត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពក្នុងវិស័យមនុស្សយន្ត នវានុវត្តន៍ជីវបច្ចេកវិទ្យា និងការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមជាមួយវិធានការរបស់រដ្ឋាភិបាលដើម្បីកែលម្អប្រាក់ចំណេញរបស់ភាគទុនិក។

កំណើន​ទ្រព្យសម្បត្តិ​អាចជួយជំរុញឱ្យទីផ្សារ​អចលនទ្រព្យ​ងើប​ឡើង​វិញ ហើយ​តម្លៃលំនៅឋានសមរម្យ ជាចំណុច​វិជ្ជមាន​មួយ​ទៀត​ ដោយ​ផ្អែក​លើ​​តម្លៃផ្ទះ​ជា​មធ្យម​ធៀប​ជាមួយនឹង​ចំណូល។

ទីផ្សារភាគហ៊ុនចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ១០ ភាគរយនៅចុងឆ្នាំ២០២៦នេះ ដោយសារការដាក់ចេញគោលនយោបាយគាំទ្រនានារបស់ទីក្រុងប៉េកាំងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពទីផ្សារហរិញ្ញវត្ថុ៕ប្រភព: The Business Times៕


ចែករំលែក