ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូប្រភេទទី២ នៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសបានធ្លាក់ចុះរយៈពេល២ខែជាប់ៗគ្នា គិតត្រឹមខែមីនា ឆ្នាំ២០២៦ ដែលបង្កឱ្យមានក្តីបារម្ភថា ការរីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសជប៉ុនអាចនឹងបាត់បង់សន្ទុះ។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Tokyo Kantei បានឱ្យដឹងថា តម្លៃខុនដូប្រភេទទី២ ជាមធ្យមនៅក្នុងសង្កាត់ទាំង៦ នៅកណ្តាលទីក្រុងតូក្យូបានធ្លាក់ចុះ០,២ភាគរយកាលពីខែមីនាធៀបនឹងខែកុម្ភៈមកនៅត្រឹម១៨៧,៣លានយ៉េន។
ការធ្លាក់ចុះនៃទំនុកចិត្តទីផ្សារ កើតឡើង ស្របពេលក្រុមអ្នកបង្កើតគោលនយោបាយកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការវិនិយោគដ៏ច្រើនលើសលប់របស់បណ្តាវិនិយោគិនលើការទិញផ្ទះ ដែលអាចបង្កការលំបាកដល់អ្នកទិញផ្ទះដើម្បីរស់នៅពិតប្រាកដ។
ធនាគារកណ្តាលជប៉ុនបានលើកឡើងកាលពីខែមុនថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវការផ្តល់ប្រាក់កម្ចីអចលនទ្រព្យដោយបណ្តាធនាគារក្នុងតំបន់ ខណៈអាជ្ញាធរមូលដ្ឋានបានព្រមានការលក់លំនៅឋានចេញវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីទិញរួច។

ហានិភ័យបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងជំរុញឱ្យថ្លៃដើមរស់នៅកើនឡើងបន្ថែមទៀត និងធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់ថយចុះ ដែលជាចំណុចអវិជ្ជមានសម្រាប់ទីផ្សារលំនៅឋាន។
ប្រសិនបើផ្ទះជាច្រើនទៀតនៅតែមិនទាន់អាចលក់ដាច់ ហើយអ្នកលក់កាន់តែច្រើនចាប់ផ្តើមបញ្ចុះតម្លៃផ្ទះកាន់តែច្រើន នោះទីផ្សារលំនៅឋានអាចនឹងធ្លាក់ចុះ។
ប្រសិនបើភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់បន្តជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ នោះការណ៍នេះអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។ ភាពមិនប្រាកដប្រជានោះអាចធ្វើឱ្យមនុស្សមានទំនុកចិត្តតិចជាងមុន និងប្រុងប្រយ័ត្នជាងមុនចំពោះការចំណាយ៕ប្រភព: Bloomberg៕







