ដោយ ដន
ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបង្កើនជំនួយទ្វេដងដល់បណ្តាប្រទេសអាស៊ានចំនួន៦ រួមមានប្រទេសកម្ពុជាផងដែរនៅត្រឹមឆ្នាំ ២០២៣។ នេះបើយោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) ។
ទីភ្នាក់ងារ (KOICA) នឹងបង្កើនជំនួយសរុបដល់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីនគិតជាទឹកប្រាក់ ១៥១លានដុល្លារនៅឆ្នាំ ២០២៣ ដែលជាផ្នែកមួយ នៃគោលនយោបាយថ្មីខាងត្បូងរបស់ខ្លួន និងជាគំនិតផ្តួចផ្តើមមួយដើម្បីពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍ និងឥណ្ឌា។
-->
លោក Lee Mi-kyung ប្រធានទីភ្នាក់ងារ (KOICA) ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះថា “KOICA នឹងបង្កើនទំហំជំនួយអភិវឌ្ឍន៍ នៅក្នុងបណ្តាប្រទេសអាស៊ាន២០ភាគរយ ជារៀងរាល់ឆ្នាំ និងជំរុញការធ្វើសមាហរណកម្ម ឲ្យមានប្រសិទ្ធភាពនៃជំនួយនេះ តាមរយៈការសហការជាមួយដៃគូក្នុង និងក្រៅប្រទេស”។
ប្រទេសកូរ៉េខាងត្បូង បានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន៦៣២លានដុល្លារចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ ជិតពាក់កណ្ដាលនៃជំនួយសរុបរបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសផ្តល់ជំនួយសម្បទានចំនួន២០០ លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាដែលនឹងត្រូវផ្តល់ឱ្យរហូតដល់ឆ្នាំ២០២៣។
ការផ្តោតលើការយកចិត្តទុកដាក់ជាថ្មី របស់ប្រទេសកូរ៉េខាងត្បូងលើអាស៊ានបាននិងកំពុងលេចឡើង ដោយសារតែប្រទេសចិនបានពង្រឹងភាពរឹងមាំរបស់ខ្លួននៅក្នុងតំបន់នេះដែលមានការវិនិយោគដោយផ្ទាល់យ៉ាងធំសម្បើម និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគោលនយោបាយក្រវ៉ាត់ និងផ្លូវមួយ និងប្រាក់កម្ចីសម្បទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។
បណ្តាប្រទេសអាស៊ាន មានប្រជាជនសរុបជាង៦០០លាននាក់ និងផលិតផលសរុបក្នុងស្រុក (GDP) មានសរុបចំនួន២,៤ ពាន់ពាន់ដុល្លារធ្វើឱ្យអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី” ។ អង្គការមូលនិធិរូបិយវត្ថុ (IMF) ព្យាករថា អាស៊ាននឹងមានសេដ្ឋកិច្ចធំជាងគេទីបួននៅលើពិភពលោកនៅឆ្នាំ២០៥០៕