កាសែតWSJឆ្លើយតបដូចម្តេចចំពោះលិខិតរដ្ឋមន្រ្តីក្រសួងព័ត៌មានលើការផ្សាយចោទកម្ពុជាជាScambodia?

ចែករំលែក

ដោយៈ សហសេវិក

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែតWSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះ បានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia”។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុស ចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។

រដ្ឋមន្រ្តីបានបញ្ជាក់ថា “ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស”។

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោក បានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទោះបីជាមានការចុះផ្សាយអត្ថបទ ទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ “Scambodia” ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជា ដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។

ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍ សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាត ឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមរំលឹកជូនផងដែរថា បន្ទាប់ពីកាសែតWSJ បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួងព័ត៌មាន បានចាត់វិធានការឆ្លើយតបភ្លាមៗ ព្រោះអត្ថបទនេះ បានប្រើប្រាស់ពាក្យពេចន៍ខ្វះវិជ្ជាជីវៈ និងមានចរិតលក្ខណៈវិទ្ធង្សនាលើកិត្តិយសជាតិកម្ពុជា។

ជាមួយលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានស្នើសុំការកែតម្រូវជាផ្លូវនូវកំហុសវិជ្ជាជីវៈ និងស្នើផ្សាយអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ថែមលើនេះទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការយកឈ្មោះប្រទេសកម្ពុជា ទៅលេងសើចភ្ជាប់នឹងបញ្ហាឧក្រិដ្ឋកម្មសកល ដែលទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជា ទាំងមូលនៅលើឆាកអន្តរជាតិ៕


ចែករំលែក