ប្លង់អភិវឌ្ឍតំបន់កាំកូស៊ីធី
ដោយ ម៉ាណេត
ភ្នំពេញៈ ប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់ទីពីរនៅពីក្រោយប្រទេសចិន ក្នុងការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងវិនិយោគកូរ៉េចំនួន២១២ ដែលមានតម្លៃ៤,៥៦ពាន់លានដុល្លារ។
បច្ចុប្បន្នក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូង ជិត៣០០នាក់កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតការងារដល់ប្រជាជនរាប់ពាន់នាក់ និងរំពឹងការវិនិយោគពីប្រទេសកូរ៉េខាងត្បូង នឹងកើនឡើងថែមទៀត បន្ទាប់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានដឹកនាំគណៈប្រតិភូវិនិយោគិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ ថ្ងៃមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមិនាកន្លងមកនេះ។
-->
លោកប្រធានាធិបតី Moon Jae-in នៅឯកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-កូរ៉េដែលបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញកាលពីដើមឆ្នាំនេះ បាននិយាយថា “ប្រទេសកម្ពុជាកំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងមុន ហើយនឹងក្លាយជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ”។
លោកបន្តថា “ក្រុមហ៊ុនកូរ៉េកំពុងបង្កើនការវិនិយោគ និងប្រតិបត្តិការរបស់ពួកគេនៅទីនេះផងដែរ”។
លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ាពុង ឃាវសែប្រធានសមាគមអ្នកសាងសង់និងជាអគ្គនាយកនៃសហគ្រាសកាណាឌីយ៉ា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនសាងសង់កូរ៉េធំៗ និងក្រុមអ្នកវិនិយោគកូរ៉េចាប់ផ្តើមត្រលប់មកវិនិយោគនៅកម្ពុជាឡើងវិញហើយ បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានចាកចេញក្រោយពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០១៨។

លោកគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍នៅឯកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-កូរ៉េថា “ដោយយោងទៅតាមការវិវឌ្ឍថ្មីៗនៅកម្រិតអន្តរជាតិ រួមទាំងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន និងគោលនយោបាយអាស៊ានថ្មីរបស់កូរ៉េ ខ្ញុំសូមលើកទឹកចិត្តប្រជាជនកូរ៉េឱ្យមកធ្វើធុរកិច្ចនៅកម្ពុជា”៕