ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ថ្មីនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងតម្រូវការដែលរួមមាន ទី១. ផ្នែកទម្រង់៖ វិសោធនកម្មដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី និងការវិវត្តន៍នៃការប្រើពាក្យវោហាសព្ទ។
ទី២. ផ្នែកខ្លឹមសារ៖ រដ្ឋបាលសុរិយោដី ការពង្រឹងការគ្រប់គ្រងនិងប្រើប្រាស់ដីរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យអស់សក្តានុពល ការដំឡើងបទប្បញ្ញត្តិស្តីពី ការចុះបញ្ជីមកជាបញ្ញត្តិកម្រិតច្បាប់ ការកំណត់សញ្ញាណមួយចំនួន ឱ្យបានច្បាស់លាស់ និងការកំណត់នៃការប្តឹងតវ៉ា។

នេះគឺជាការវិវត្តន៍លើកទី៣ របស់ច្បាប់ភូមិបាលនៅកម្ពុជា ដែលពីមុនមកមានការគ្រប់គ្រងដោយប្រកាស នៅសម័យរដ្ឋកម្ពុជា បន្ទាប់មក ច្បាប់ភូមិបាលឆ្នាំ២០០១ និងមកឥឡូវនេះសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតប ទៅនឹងការវិវត្តន៍របស់នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជា៕







