ដោយៈ ចំណាន
ភ្នំពេញៈ ក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រចំនួន ៤ បន្ថែមដល់តំណាងសមាគមទាំង ៤ រួមមាន៖ ១) សូត្រមាសភ្នំ ស្រុក ២) ក្តាមថ្មកោះកុង ៣) ស្វាយឧត្តរមានជ័យ ៤) ស្វាយចន្ទី កំពង់ធំ និងម៉ាកសមូហភាពឃ្មុំព្រៃព្រះវិហារផងដែរ។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាមួយនៅរាជធានីភ្នំពេញ។
លោកជំទាវបន្តថា ការណ៍នេះ ធ្វើឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (Geographical Indications (GI) មានការកើនឡើងដល់ចំនួន១២ ដែលក្នុងនោះមាន៖ ១) ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥) ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩) ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក។
លោកជំទាវរដ្ឋមន្រ្តី គូសបញ្ជាក់ថា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ គឺជាជំហានសំខាន់មួយ ក្នុងការជំរុញនិងលើកកម្ពស់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ហើយជាជំហានបន្ទាប់ ដើម្បីបន្តពិនិត្យលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ ក្រោមក្របខណ្ឌច្បាប់ទីក្រុងហ្សឺណែវស្តីពី កិច្ចព្រមព្រៀងទីក្រុងលីស្បោនផងដែរ៕







