ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីកាលពីខែមេសាបានកើនឡើងក្នុងល្បឿនយឺតបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះនៅទីក្រុងស៊ីដនី និងមែលប៊ន ខណៈការកើនឡើងនៃថ្លៃដើមកម្ចីបានប៉ះពាល់ដល់តម្រូវការ។
តម្លៃផ្ទះនៅទីក្រុងធំៗខាងលើ បានធ្លាក់ចុះ០,៦ភាគរយ។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើង២,១ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Brisbane និងទីក្រុង Adelaide បានកើនឡើងជាង១ភាគរយ។
សន្ទស្សន៍តម្លៃផ្ទះនៅទូទាំងប្រទេសអូស្ត្រាលី (national Home Value Index)បានកើនឡើងក្នុងរង្វង់០,៣ភាគរយនៅក្នុងខែមេសា ឆ្នាំ២០២៦។
លោក Tim Lawless នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality បានអះអាងថា “ទីផ្សារលំនៅឋានបានបាត់បង់សន្ទុះចាប់តាំងពីចុងឆ្នាំមុន ដោយសារកង្វះលំនៅឋានតម្លៃសមរម្យបានជះឥទ្ធិពលដល់តម្រូវការ”។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន យើងសង្កេតឃើញមានសម្ពាធនៃការធ្លាក់ចុះបន្ថែមទៀត ដោយសារអត្រាការប្រាក់មានកម្រិតខ្ពស់។ ទំនុកចិត្តបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកំណើនអតិផរណានឹងជំរុញឱ្យថ្លៃដើមបំណុលកើនឡើងកាន់តែខ្ពស់។
ទីក្រុងស៊ីដនីជាទីក្រុងដែលមានតម្លៃលំនៅឋានថ្លៃជាងគេបំផុតមួយនៅក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍន៍ ដោយមានតម្លៃមធ្យមជិត១,៣លានដុល្លារអូស្ត្រាលី។
ទីភ្នាក់ងារ Bloomberg Intelligence រំពឹងថា ការកើនឡើងនៃតម្លៃផ្ទះនារយៈពេល៣ឆ្នាំកន្លងមកនៅទីក្រុងស៊ីដនីនឹងបញ្ចប់នៅឆ្នាំនេះ ដោយព្យាករណ៍ថា តម្លៃផ្ទះនឹងមានការធ្លាក់ចុះ១ភាគរយ ដោយសារយុទ្ធនាការរឹតបន្តឹងអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលី (RBA)៕ប្រភព: Bloomberg៕







