អន្តរក្រសួងបើកកិច្ចប្រជុំត្រីវិស័យសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើកកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាព ដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៦នេះ ត្រូវបានសម្របសម្រួ​ល និងរៀបចំឡើងនៅទីស្តី ការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់មន្រ្តីក្រសួងពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំនេះ គោលបំណងចម្បងចំនួន២ ត្រូវបានកំណត់ក្នុងកិច្ចប្រជុំនេះ រួមមាន ទី១. ការពិនិត្យលើវឌ្ឍនភាព និងសមិទ្ធផលការងារត្រី-វិស័យ ដែលសម្រេចបាននៅតាមបណ្តាសហគមន៍ គោលដៅទាំងអស់ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥ និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២ ពិនិត្យលើវឌ្ឍនភាព និងលក្ខ​ខណ្ឌការងារយោងនៃការរៀបចំ “យុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យ” សម្រាប់ការអភិវឌ្ឍប្រកប ដោយការសម្របសម្រួលលើវិស័យកសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទនៅកម្ពុជា (ឆ្នាំ២០២៧-២០៣១)។

ដើម្បីចូលរួមឱ្យសម្រេចជោគជ័យ នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

ក្រុមការងារត្រី-វិស័យនេះ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ ក្នុងការលើកកម្ពស់និងកែលម្អជីវភាពរស់នៅ និងបង្កើតភាពធន់របស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕


ចែករំលែក