ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់Fuchs Gruppe។
ក្នុងជំនួបនេះ លោកឌិត ទីណាបានស្វាគមន៍លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អ ក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយ គុណភាពកសិផលកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីឌិត ទីណា ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
តាមរយៈជំនួបនេះ ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម៕







