ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យប្រណីតនៅក្នុងទីផ្សារសំខាន់ៗនៅទូទាំងពិភពលោកនៅតែបន្តហក់ឡើងថ្លៃកប់ពពក។ យោងតាមក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ទឹកប្រាក់១លានដុល្លារ អាចទិញបានលំនៅឋានត្រឹមតែ១៦ម៉ែត្រការ៉េប៉ុណ្ណោះនៅប្រទេសម៉ូណាកូ។
តំបន់មជ្ឈិមបូព៌ាបាននាំមុខគេក្នុងការសម្រេចបានកំណើននៃតម្លៃលំនៅឋានប្រណីតទូទាំងពិភពលោកកាលពីឆ្នាំមុន ដោយតម្លៃនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានកើនឡើង២៥ភាគរយ និងហក់ឡើងជិត២០០ភាគរយក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។
កំណើននេះសម្រេចបាន ខណៈពេលដែលក្រុមអ្នកមានកាន់តែមានទ្រព្យសម្បត្តិច្រើន និងទិញលំនៅឋានថ្លៃៗកាន់តែច្រើន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank។
ជាមួយគ្នាេនះ កាលពីឆ្នាំមុន តម្លៃអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីផ្សារចំនួន១០០ លើពិភពលោក ដែលតាមដានដោយក្រុមហ៊ុន Knight Frank បានកើនឡើង៣,២ភាគរយ លើសពីកំណើននៃតម្លៃលំនៅដ្ឋានសកលលោកដែលមានត្រឹមតែ២,៩ភាគរយប៉ុណ្ណោះ។
ចំពោះការរីកចម្រើននាពេលអនាគត ក្រុមហ៊ុន Knight Frank វាយតម្លៃថា ទីក្រុងបុមបៃ នៃប្រទេសឥណ្ឌា ទីក្រុង Brisbane នៃប្រទេសអូស្ត្រាលី ទីក្រុងម៉ៃអាមី និងទីក្រុងហុងកុង សុទ្ធតែជាគោលដៅកំណើននាពេលអនាគតសម្រាប់អចលនទ្រព្យប្រណីត។
ដើម្បីទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគិនដែលមានទ្រព្យសម្បត្តិច្រើន ទីផ្សារមួយត្រូវការពន្ធដែលមានការប្រកួតប្រជែង (ពន្ធទាប ឬអំណោយផល)។ ទ្រព្យសម្បត្តិកំពុងងាកចេញពីប្រទេសដែលមានពន្ធខ្ពស់ និងច្បាប់តឹងរ៉ឹង៕ប្រភព: CNBC៕







