ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេងសួរ និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាស្តីពី “លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា”។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសមាគមអ្នកសាងសង់កម្ពុជា តំណាងរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួងរ៉ែ និងថាមពល តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយពីរបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារ និងលទ្ធផលដែលសម្រេចបាន នៅក្នុងឆ្នាំ២០២៥ និងការលើកទិសដៅការងារ រួមទាំងផែនការយុទ្ធសាស្រ្តមួយចំនួនរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៅក្នុងឆ្នាំ២០២៦ តាមរយៈការធ្វើបទបង្ហាញដោយ លោកសុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមទាំងម្រមូលយកធាតុចូលសំខាន់ៗដាក់ជាយន្តការ ដើម្បីអនុវត្តអោយកាន់តែមានប្រសិទ្ធិភាព៕








