ដោយៈ ម៉ាណា
តាខ្មៅៈ ឈរលើទស្សនវិស័យសម្លឹងទៅអនាគត ប្រកបដោយភាពសុទិដ្ឋិនិយម លោកបណ្ឌិតតេង រិទ្ធី អ្នកអភិវឌ្ឍន៍គំរោងVictoria Park បានបង្ហាញនូវចក្ខុវិស័យមុតស្រូច ដើម្បីប្រែក្លាយទីតាំងគំរោងនេះ ជាតំបន់CBDសម្រាប់អនាគត។
ការអភិវឌ្ឍបែប “CBD” សំដៅដល់Central Business Development។
គំរោងដែលមានទំហំផ្ទៃដី៥០ហិកតានេះ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទស្សនទាននៃការអភិវឌ្ឍមានការច្របាច់បញ្ចូលគ្នានូវ អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប លំនៅដ្ឋានប្រណីត និងដីឡូត៍័ខ្នាតវីឡាជាដើម។
លោកបណ្ឌិតេង រិទ្ធីបានមានប្រសាសន៍ក្នុងពេលបង្ហាញMaster Planគម្រោងកាលពីសប្តាហ៍មុនថា យើងកំពុងសម្លឹងទៅកាន់អនាគត និងប្រែក្លាយតំបន់ភាគខាងត្បូង ក្លាយជាទីក្រុងថ្មីមួយ ដែលមានភាពស៊ីវិល័យ និងរសរវើក។
លោកបន្តថា “Victoria Parkមិនត្រឹមតែជាគំរោងអភិវឌ្ឍពុះដីឡូត៍លក់ និងសាងសង់គំរោងដូចបញ្ជាក់ខាងលើនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយវា ជាទីក្រុងតូចមួយនាពេលអនាគត”។ លោកបន្ថែមថា “កំណត់ក្នុងផែនការជាក់លាក់ គំរោងនេះយើងឈរលើគុណតម្លៃនៃការអភិវឌ្ឈ ដោយទាំងអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគទទួលបានផលចំណេញទាំងអស់គ្នា”។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនក៏បើកទ្វារស្វាគមន៍អ្នកមានធនធាន ឬអ្នកអភិវឌ្ឍន៍នានា ដែលចង់ចូលរួមសហការក្នុងការអភិវឌ្ឍគំរោងនេះ អាចអង្គុយជជែកគ្នា ពិភាក្សាគ្នា ដើម្បីពន្លឿន និងជម្រុញផែនការនេះឆ្ពោះទៅមុខ និងបង្កើតនូវគុណតម្លៃសម្រាប់ប្រទេស និងប្រជាជនយើងទាំងអស់គ្នា។
លោកបន្តថា “យើងចង់អភិវឌ្ឍន៍ប្រទេសនេះ ជាមួយចក្ខុវិស័យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជា ប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”៕








